(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឱ្យប្រតិភូយុវជន នៃសមាគម នាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន៣៣នាក់ ចូលជួបពិភាក្សាការងារ ដើម្បីទទួលបានអនុសាសន៍ ណែនាំមួយចំនួន ព្រមទាំងដើម្បីស្នើសុំជំនួយឧបត្ថម្ភ សម្រាប់ការចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍លើកទី៤៣ នាពេលខាងមុខ។
នៅចំពោះមុខក្រុមយុវជនទាំង ៣៣នាក់ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានដាក់អនុសាសន៍មួយចំនួន រួមមាន៖
ទី១.កម្មវិធីនាវាយុវជន មិនមែនជាដំណើរកម្សាន្តនោះទេ តែជាទស្សនកិច្ច សិក្សាដ៏ល្អសម្រាប់យុវជនទាំងអស់ ដើម្បីសិក្សាស្វែងយល់ផ្លាស់ប្ដូរ បទពិសោធន៍ និងចំណេះដឹងទៅវិញទៅមក។
ទី២.ត្រូវធ្វើជាអគ្គរាជទូតល្អ ជួសមុខឱ្យកម្ពុជា ដើម្បីពាំនាំនូវសារដ៏ល្អពីកម្ពុជា ទៅកាន់ពិភពលោក ដូចជាស្ថិរភាពនយោបាយ ការអភិវឌ្ឍសង្គមនយោបាយ និងសេដ្ឋកិច្ច។
ទី៣.ពង្រឹងសមត្ថកិច្ច និងចំណេះដឹងរបស់ខ្លួន ជាពិសេសទំនៀមទម្លាប់ ប្រពៃណីល្អៗរបស់ជាតិ ដើម្បីចែករំលែកជាមួយយុវជនដទៃទៀត។
ទី៤.ផ្លាស់ប្ដូរផ្នត់គំនិតរបស់យុវជនបរទេស ដែលស្គាល់កម្ពុជា តែរឿងមិនល្អដូចជាខ្មែរក្រហម។
ទី៥.ត្រូវចេះស្រឡាញ់ យោគយល់អធ្យាស្រ័យ សាមគ្គីគ្នា និងធ្វើការងារជាក្រុមឱ្យបានល្អ ដើម្បីនាំកិត្តិយសជូនជាតិកម្ពុជា។
លោកបន្តថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នេះ មានសារសំខាន់ណាស់ ព្រោះបានរឹតចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នារវាងយុវជនជប៉ុន និងយុវជនអាស៊ាន, ពង្រីកចំណេះដឹង និងទស្សនវិស័យអន្តរជាតិរបស់យុវជន ក្នុងក្របខណ្ឌតំបន់ និងពិភពលោក ព្រមទាំងបណ្ដុះស្មារតី កិច្ចសហប្រតិបត្តិការអន្តរជាតិ និងសក្ដានុពលនៃភាព ជាអ្នកដឹកនាំរបស់យុវជន ក្នុងការចូលរួមអភិវឌ្ឍសង្គម។
សូមជម្រាបថា កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ ត្រូវបានបង្កើតឡើងតាមរយៈកិច្ចព្រមព្រៀងរួមមួយ នាខែមករា ឆ្នាំ១៩៧៤ ដែលដំបូងឡើយមានតែប្រទេសជប៉ុន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិកម្មវិធីនេះ ក្នុងឆ្នាំ២០០០ និងមានសមាជិករបស់ខ្លួនចំនួន៥១៣នាក់ ចូលរួមជាមួយយុវជនប្រទេសដទៃ។
សូមរំលឹកផងដែរថា ជារៀងរាល់ឆ្នាំ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍នេះ តែងតែមានការជួបជុំគ្នា រវាងយុវជនអាស៊ាន និងយុវជនជប៉ុន ជាង៣០០នាក់។ សម្រាប់ឆ្នាំ២០១៦ កម្មវិធីនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែតុលា រហូតដល់ថ្ងៃទី១៥ ខែធ្នូ ហើយនាវាយុវជនអាស៊ីអាគ្នេយ៍ នឹងចូលចតក្នុងប្រទេសចំនួន៧ មានប្រទេសជប៉ុន ហ្វីលីពីន វៀតណាម ថៃ កម្ពុជា សិង្ហបុរី និងឥណ្ឌូណេស៊ី។
មុននឹងបញ្ចប់ជំនួប លោករដ្ឋមន្រ្តីបានប្រគល់ជំនួយថវិកា មួយចំនួនដល់ក្រុមយុវជន នៃសមាគន៍អាស៊ីអាគ្នេយ៍ទាំងនោះ សម្រាប់ជាមធ្យោបាយប្រើប្រាស់ ក្នុងពេលចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ នាពេលខាងមុខ៕