(ភ្នំពេញ)៖ អតីតសមាជិកគណបក្សប្រឆាំងមួយរូបទៀតនៅក្នុងខេត្តត្បូងឃ្មុំ បានសម្រេច​ចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីមានឱកាសធ្វើ​សកម្ម​ភាពបម្រើជាតិ និងប្រជាជន។

លោក នីម សំណាង មានអតីតភាពជាសមាជិកគណបក្សសិទ្ធិមនុស្ស និងជាសមាជិក​ក្រុម​ប្រឹក្សាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ មកពីអតីតគណបក្សសង្គ្រោះជាតិ។

លោក នីម សំណាង បានបញ្ជាក់ថា លោកបានធ្វើសកម្មភាពនយោបាយជាមួយគណ​បក្ស​ប្រឆាំង​ជាច្រើនឆ្នាំមកហើយ។ ការចូលធ្វើសកម្មភាពនយោបាយជាមួយគណបក្ស​ប្រឆាំង ព្រោះមានបំណងចូលរួមចំណែកក្នុងការបម្រើកិច្ចការជូនជាតិ និងប្រជាជន។ ប៉ុន្តែការរួមរស់ជាមួយគណបក្សប្រឆាំងជាច្រើនឆ្នាំមកនេះ លោកមិនមានឱកាស​បាន​បម្រើ​ជាតិ និងប្រជាជនតាមបំណងរបស់ខ្លួននោះឡើយ។

ក្រោយអស់ភាពតស៊ូរួមរស់ជាមួយគណបក្សប្រឆាំង ដែលមើលមិនឃើញកោះត្រើយ​បែប​ណានោះ លោក នីម សំណាង ក៏បានសម្រេចចិត្តចូលរួមធ្វើសកម្មភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច។

លោក នីម សំណាង បានបង្ហាញក្តីរំពឹងថា ការចូលរួមសកម្មភាពនយោ​បាយជាមួយ​គណបក្សប្រជាជនកម្ពុជា លោកនឹងមានឱកាសចូលរួមចំណែកបម្រើជាតិ និងប្រជា​ពល​រដ្ឋតាមបំណងប្រាថ្នា។

ទន្ទឹមនឹងការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាហើយនោះ លោក នីម សំណាង បានអំពាវនាវដល់អ្នកដែលតស៊ូជាមួយបក្សប្រឆាំងដទៃ​ទៀត ឱ្យចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ព្រោះបន្តរួមរស់ជាមួយបក្សប្រឆាំងគ្មានឱកាសចូលរួមចំណែកជួយជាតិ និងប្រជាជន តាមបំណងនោះឡើយ៕