(រតនគិរី)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិ ស្នងការនគរបាលខេត្តរតនគិរី បានយកចិត្តទុកដាក់ពង្រាយកម្លាំងអន្តរាគមន៍ អនុវត្តវិធានការជំនាញ ចុះល្បាតត្រួតពិនិត្យមុខសញ្ញា សង្ស័យតាមភូមិសាស្ត្រទូទាំងខេត្តរតនគិរី។

ជាក់ស្តែងនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលក្រុងបានលុង និងនាយកសាលាវិទ្យាល័យចំនួន៣ បានចុះប្រមូលក្មេងគេចសាលាមិនចូលរៀន ដោយបានឃាត់យុវតីសិស្សចំនួន៣នាក់។

លោកឧត្តមសេនីយ៍ត្រី មាស ពៅបូរ៉ា ស្នងការរងទទួលផែនជំនួយការដឹកនាំការិល័យព្រហ្មទណ្ឌកម្រិតស្រាល បានប្រាប់ថា យុវតីសិស្សចំនួន៣នាក់នេះ រៀននៅអនុវិទ្យាល័យឡាបានសៀក។

លោកឧត្តមសេនីយ៍ស្នងការរង បន្តថា កម្លាំងនគរបាលបានធ្វើកិច្ចសន្យាអប់រំ ណែនាំ និងបានប្រគល់ជូនអាណាព្យាបាលបន្ត។

លោកឧត្តមសេនីយ៍ស្នងការរង បញ្ជាក់ឲ្យដឹងទៀតថា សមត្ថកិច្ចនគរបាលបានតាមដានសិស្សដែលគេចសាលាមិនចូលរៀន អប់រំផ្សព្វផ្សាយសិស្សានុសិស្សឲ្យចៀសឆ្ងាយពីក្រុមក្មេងទំនើង និងធ្វើការត្រួតពិនិត្យម៉ូតូរបស់មុខ សញ្ញាសង្ស័យ ស្វែងរកដាវកាំបិតលាក់ទុក ព្រមទាំងចុះត្រួតពិនិត្យទីតាំងផលិត-លក់កាំបិត ដាវកែច្នៃ ក្នុងភូមិសាស្ត្រខេត្តរតនគិរី ដោយបានធ្វើការអប់រំ ណែនាំ ម្ចាស់ទីតាំងមិនត្រូវចែកចាយសម្ភារទាំងនេះ ដល់ក្មេងទំនើងជាដាច់ខាត៕