(ស្ទឹងត្រែង)៖ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានពន្ធនាគារថ្មីខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី ដែលផ្ទេរភារកិច្ច ទៅកាន់ជាប្រធានមណ្ឌលអប់រំកែប្រែទី៤ ក្នុងខេត្តពោធិ៍សាត់វិញ។

ពិធីប្រកាសត្រូវបានធ្វើឡើងនៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងលោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង តំណាងលោក ស្វាយ សំអ៊ាង អភិបាលខេត្ត។

នាឱកាសនោះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រាជ្ញ សុភី បានឡើងបង្ហាញពីស្ថានភាពទូទៅ នៃការគ្រប់គ្រងមន្រ្តី ការគ្រប់គ្រងជនជាប់ឃុំ សមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ក្នុងឱកាសលោកកាន់មុខតំណែងកន្លងមក។

ជាមួយគ្នានេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ លីម វាសនា ដែលទើបបានប្រកាសចូលកាន់តំណែង បានធ្វើការប្តេជ្ញាចិត្តថា នឹងអនុវត្តតាមអនុសាសន៍អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាល គោរព និងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុទ្ធនានា ពិសេសគោរពគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក សែន វ៉ាន់ស៊ីម បានសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការប្តេជ្ញាចិត្តយ៉ាងម៉ុតមាំរបស់ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដែលទើបទទួលមុខតំណែង និងណែនាំឲ្យមានសាមគ្គីភាពផ្ទៃក្នុងមានទំនាក់ទំនងល្អ រវាងមន្ទីរអង្គភាពស្ថាប័ននានាជុំវិញខេត្ត ចំណុះឲ្យរដ្ឋបាលខេត្តផងដែរ។

ស្ថិតក្នុងឱកាសនោះ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានប្រគល់ប្រកាសនីយបត្រ និងត្រាជូនដល់លោកប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ដែលទើបទទួលមុខតំណែង និងបានណែនាំ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង គោរពអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសត្រូវមានទំនាក់ទំនងល្អ ចូលរួមសហការជាមួយរដ្ឋបាលខេត្ត និងបំពេញកិច្ចការងារនេះឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។

លោក ឈន សាណាត បានស្នើសុំអាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ សូមឲ្យមានកិច្ចសហការគ្នាល្អជាមួយពន្ធនាគារខេត្ត ជាពិសេសស្ថិតនៅក្នុងបរិបថ នៃយុទ្ធនាការដ៏ពុះកញ្ជ្រោល គឺយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀន និងការបង្ក្រាបក្មេងទំនើង ដែលកិច្ចការនេះ គឺជះដល់ពន្ធនាគារដែលត្រូវទទួល ហើយក្នុងពេលខាងមុខ ពន្ធនាគារខេត្តស្ទឹងត្រែង អាចមានអ្នកជាប់ឃុំក្នុងកម្រិតជាង១០០០នាក់ ខណៈដែលបច្ចុប្បន្នពន្ធនាគារ ខេត្តស្ទឹងត្រែង មានអ្នកជាប់ឃុំក្នុងកម្រិតជាង៩០០នាក់៕