(កណ្ដាល)៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់សម្លៀកបំពាក់មួយកន្លែង បណ្ដាលឲ្យផ្ទះ៣ល្វែងជាប់គ្នាខូចខាត នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតភូមិតាខ្មៅ៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

សមត្ថកិច្ចឲ្យដឹងថា ក្រោយពីទទួលដំណឹងភ្លាម, លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ សហការជាមួយបញ្ជាការដ្ឋានអង្គរក្ស ជួយអន្តរាគមន៍បាញ់ពន្លត់រហូត រលត់ទាំងស្រុង នៅវេលម៉ោង ១០៖៣០នាទីព្រឹកថ្ងៃដដែល។

ជាមួយគ្នានេះ ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក៏បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី សារុន ពិសិដ្ឋ ស្នងការរងនគរបាលខេត្ត ដឹកកម្លាំងនគរបាលការិយាល័យបង្ការពន្លត់អគ្គិភ័យ និងកម្លាំងនគរបាលក្រុងតាខ្មៅ ចូលរួមពន្លត់ និងគ្រប់គ្រងអគ្គិភ័យខាងលើនេះរហូតបាន១០០ភាគរយ។

ក្នុងនាមរដ្ឋបាលខេត្តកណ្តាល, លោក ហាក់ សុខមករា សូមគោរពកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះដល់កងកម្លាំងស្នងការនគបាលខេត្តកណ្តាល អធិការនគបាលក្រុងតាខ្មៅ អាជ្ញាធរក្រុងតាខ្មៅ ចៅសង្កាត់តាខ្មៅ និង កងកម្លាំងអន្តរាគមន៍ពន្លង់អគ្គិភ័យ នៃបញ្ជាការដ្ឋានអង្គរក្ស និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការរួមបម្រើសេវាបន្ទាន់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យ ឆេះផ្ទះ ហ៊ាងលក់សម្លៀកបំពាក់ ម៉ាក LABE ស្ថិតនៅផ្លូវលេខ២១អា ភូមិតាខ្មៅ២ សង្កាត់តាខ្មៅក្រុងតាខ្មៅ។

បើតាមលោក ហាក់ សុខមករា កម្លាំងសមត្ថកិច្ច បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបញ្ជាការដ្ឋានអង្គរក្សចំនួន២គ្រឿង សរុប៤គ្រឿង ទើបភ្លើងបានរលត់ទាំងស្រុងតែម្តង៕