(ចិន)៖ ក្លិបអ្នកកាសែតកម្ពុជា បានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាន នៃប្រទេសមហាយក្សមួយទៀតហើយ នៅថ្ងៃសុក្រនេះ បន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជា បានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជាបន្តបន្ទាប់ នៅក្នុងតំបន់អាស៊ាន។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាត្រូវបានអញ្ជើញទៅប្រទេសចិន ដើម្បីជួបពិភាក្សាការងារលើកទីមួយជាមួយ លោកជំទាវ អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិន និងជាលេខាធិការ នៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ក្នុងគោលបំណង ដើម្បីភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។

នៅឯជំនួបព្រឹកថ្ងៃទី៧ ខែមិថុនា នៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន លោកស្រី អ៊ូ សៀ បានថ្លែងថាសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ធ្វើការជាមួយអ្នកសារព័ត៌មាន១លាន២សែននាក់ នៅប្រទេសចិន រីករាយនឹងភ្ជាប់ទំនាក់ទំនងជាមួយក្លិបអ្នកកាសែតកម្ពុជា ដើម្បីធ្វើការរួមគ្នាលើវិស័យសារព័ត៌មាន។

លោក ពុយ គា បានជម្រាបជូនភាគីចិនថា ក្លិបអ្នកកាសែតកម្ពុជាមានបំណងធ្វើការជាមួយអ្នកសារព័ត៌មានចិន តាមរយៈសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗ ដែលអាចជួយជំរុញដល់កំណើនទេសចរណ៍ និងទុនវិនិយោគនៅកម្ពុជា ជួយទប់ស្តាត់ និងកាត់បន្ថយព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ ក៏ដូចជាខ្សែភាពយន្ត «No More Bets» ដែលបានចាក់បញ្ចាំងកន្លងមក។

ភ្លាមៗនោះ លោកស្រីបានជម្រាប លោក ពុយ គា ថាលោកស្រីនឹងដឹកនាំប្រតិភូអ្នកសារព័ត៌មានទូទាំងប្រទេសចិន ទៅកាន់កម្ពុជានៅពេលឆាប់ៗខាងមុខនេះ ដើម្បីចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងជាផ្លូវការ ជាមួយក្លិបអ្នកកាសែតកម្ពុជាតែម្តង។

ក្លិបអ្នកកាសែតកម្ពុជា មានសមាជិកជាង៦០០នាក់ មកពីជិត២០០ស្ថាប័ន បានក្លាយជាសមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាននៅឆ្នាំ២០១៨ ដែលជាសហព័ន្ធសារព័ត៌មានអាស៊ានតែមួយគត់នៅក្នុងតំបន់៕