(បាត់ដំបង)៖ លោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា កុមារមិនមែនជាភាពទាក់ទាញនៃភ្ញៀវទេសចរ កុមារមិនមែនជាឧបករណ៍ បន្ទន់ចិត្ត ឬសុំការអាណិតអាសូរពីភ្ញៀវទេសចរ កុមារមិនមែនជាផលប្រយោជន៍ ណាមួយដោះដូរជាមួយភ្ញៀវទេសចរឡើយ។ ដូច្នេះ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ត្រូវជៀសវាងដាច់ខាតពីការប្រើប្រាស់កុមារក្នុងគោលបំណងណាមួយដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ។
ការលើកឡើងបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជាតំណាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «សុវត្ថិភាពកុមារ និងការបង្ការទប់ស្តាត់ការរីករាលដាលនៃ មេរោគ អេដស៍ ជំងឺអេដស៍ក្នុងវិស័យទេសចរណ៍» នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង។ ពិធីនេះមានការចូលរួមពីលោកវេជ្ជបណ្ឌិត រស់ សីលវ៉ាត អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍, ឆាយ ម៉ាទីណាល់ អភិបាលរងខេត្តបាត់ដំបង។
នាឱកាសនោះដែរ លោក ហោ សារុន បានថ្លែងថា ទន្ទឹមនឹងការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយ ភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្រសួងទេសចរណ៍ក៏បានយកចិត្តទុកដាក់ ក្នុងការលុបបំបាត់ភាពអវិជ្ជមាននានាដែលកើតមានក្នុងវិស័យទេសចរណ៍ ជាក់ស្តែង សិក្ខាសាលានៅថ្ងៃនេះបានបង្ហាញពីការយកចិត្តទុកដាក់ថ្មីមួយទៀតរបស់ក្រសួង ទេសចរណ៍ក្នុងការលើកកម្ពស់ក្រមសីលធម៌ការពារកុមារ និងចូលរួមទប់ស្កាត់ការរីក រាលដាលនៃមេរោគ/ជំងឺអេដស៍ ក្នុងវិស័យទេសចរណ៍។
លោកបានបន្តថា កុមារ គឺជាទំពាំងស្នងឬស្សី ដែលទាមទារឱ្យយើងចូលរួមទាំងអស់គ្នាដើម្បីធានាបានថាកុមាររបស់យើងនឹងក្លាយជាធនធានល្អមួយដែលផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិពិតប្រាកដ។ ក្នុងន័យនេះ ក្រៅពីការដុសខាត់កុមារឱ្យក្លាយជាមូលធនមនុស្សល្អ កុមារត្រូវតែទទួលបានការការពារនៅគ្រប់ស្ថានភាពទាំងអស់ ហើយការការពារនេះ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ សិទ្ធិកុមារត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ការជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទកុមារត្រូវបានហាមឃាត់ដោយច្បាប់ ការរំលោភបំពាន ការធ្វើទុក្ខបុកម្មេញលើកុមារ ត្រូវតែលុបបំបាត់ជាដាច់ខាត។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បានលើកឡើងយ៉ាងដូច្នេះថា៖ «កុមារមិនមែនជាភាពទាក់ទាញនៃភ្ញៀវទេសចរ កុមារមិនមែនជាឧបករណ៍ បន្ទន់ចិត្ត ឬសុំការអាណិតអាសូរពីភ្ញៀវទេសចរ កុមារមិនមែនជាផលប្រយោជន៍ ណាមួយដោះដូរជាមួយភ្ញៀវទេសចរឡើយ។ ដូច្នេះ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ត្រូវជៀសវាងដាច់ខាតពីការប្រើប្រាស់កុមារក្នុងគោលបំណងណាមួយដើម្បីផលប្រយោជន៍របស់ខ្លួនឡើយ។ ការប្រើប្រាស់កុមារនៅក្នុងវិស័យទេសចរណ៍មិនត្រឹមតែជាអំពីខុសច្បាប់ និងបង្កឱ្យមានភាពអវិជ្ជមានក្នុងវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ និងកិត្តិយសរបស់ ប្រទេសជាតិយើងផងដែរ»។
បន្ថែមពីនេះ លោក ហោ សារុន បានបញ្ជាក់ថា ប្រសិនបើយើងមិនបានគិតគូរជាមុន និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន ទាំងអស់គ្នាទេ បញ្ហានឹងកើតមានហើយបញ្ហាទាំងអស់នេះនឹងក្លាយជាភាពអវិជ្ជមាន បំផ្លាញយើងនៅថ្ងៃអនាគត។ ក្នុងនេះដែរ បញ្ហាមួយទៀត ដែលជាបញ្ហាសំខាន់ត្រូវយកចិត្តទុកដាក់ផងដែរនោះ គឺការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ ជំងឺអេដស៍ ជាពិសេសនៅក្នុងវិស័យទេសចរណ៍។
លោកបានបន្ថែមថា អេដស៍ត្រូវបានសាធារណៈជនភាគច្រើនយល់ថា ត្រូវបានលុបបំបាត់ អស់ហើយ លែងកើតមានទៀតហើយនៅកម្ពុជា។ នេះគឺជាការយល់មិនត្រឹមត្រូវទេ។ អេដស៍នៅតែបញ្ហាមួយនៅក្នុងសង្គមរបស់យើងនៅឡើយ អេដស៍មិនត្រឹមតែមិនទាន់លុបបំបាត់អស់ប៉ុណ្ណោះទេ ថែមទាំងមានការឆ្លងកើនឡើងគួរឱ្យព្រួយបារម្ភ នៅក្នុងក្រុមមនុស្សមួយចំនួនផងដែរ ដែលងាយនឹងឆ្លងរីករាលដាលទៅកាន់ក្រុម មនុស្សផ្សេងទៀតប្រសិនបើយើង មិនយកចិត្តទុកដាក់។
លោក ហោ សារុន បានគូសបញ្ជាក់ថា បញ្ហាទាំងពីរនេះត្រូវបានគិតគូរដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ទាំងរាជរដ្ឋាភិបាលនីតិកាលមុនៗ និងរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយភាពស្វាហាប់ និងសមត្ថភាពខ្លាំងពូកែ។ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ គឺជាស្ថាប័នជាតិពីររបស់រាជរដ្ឋាភិបាល មានភារកិច្ចធ្វើការងារទាក់ទងនឹងកុមារ និងការងារទាក់ទងនឹងការប្រយុទ្ធនឹងជំងឺអេដស៍។
នៅចំពោះមុខក្នុងការប្រយុទ្ធនឹងជំងឺអេដស៍ គោលនយោបាយជាតិបញ្ចប់ អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ត្រូវបានកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតសម្តេចធិបតី ហ៊ុន ម៉ាណែត អនុម័តរួចហើយ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ដែលគោលនយោបាយនេះបានចង្អុលបង្ហាញពី សកម្មភាពយុទ្ធសាស្ត្រតាមវិស័យនីមួយៗក្នុងការទប់ស្កាត់ការរីករាលមេរោគអេដស៍/ជំងឺអេដស៍ ដែលក្នុងនោះក៏មានវិស័យទេសចរណ៍ផងដែរ៕