(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរចំពោះលោក Woo Won-shik ដែលត្រូវបានជ្រើសរើស ជាប្រធានរដ្ឋសភាកូរ៉េខាងត្បូង នីតិកាលទី២២។

ក្នុងសារលិខិតអបអរសាទររបស់សម្ដេចតេជោ ហ៊ុន សែន មានខ្លឹមសារយ៉ាងដូច្នេះថា «ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម ដែលបានជាប់ឆ្នោតកាលពីពេលថ្មីៗនេះជា ប្រធានសភាជាតិ នីតិកាលទី ២២ នៃសាធារណរដ្ឋកូរ៉េ។

ចាប់តាំងពីការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរបស់យើងនៅឆ្នាំ ១៩៩៧ កម្ពុជា និងកូរ៉ខាងត្បូង តែងបានពង្រឹងទំនាក់ទំនងជិតស្និទ្ធ និងផ្ដល់ផលប្រយោជន៍ទៅវិញទៅមកជាបន្តបន្ទាប់លើវិស័យជាច្រើន រួមមានវិស័យការទូតសភា សេដ្ឋកិច្ច វប្បធម៌ នយោបាយ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។

ខ្ញុំទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តម ដើម្បីបន្តពង្រឹងទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទរបស់យើង ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេស ស្ថាប័ននីតិប្បញ្ញត្តិ និងប្រជាជនរបស់យើង។

ខ្ញុំជឿជាក់ថា ក្រោមការដឹកនាំរបស់ ឯកឧត្ដម កិច្ចសហប្រតិបត្តិការរវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងសភាជាតិនៃសាធារណរដ្ឋកូរ៉េ នឹងបន្តរីកចម្រើន មួយផ្នែកធំ តាមរយៈក្រុមមិត្តភាពសភាកម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការនេះ ប្រាកដជានឹងមានផលជះវិជ្ជមានដល់ប្រជាជាតិ និងប្រជាជនរបស់យើងទាំងពីរ ព្រមទាំងនឹងរួមចំណែកបន្ថែមទៀត ដល់កាលើកកម្ពស់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ី»៕