(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសរំលេចអំពីគោលការណ៍សំខាន់២ ដើម្បីជួយតម្រង់ទិសក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ របស់អាស៊ាន ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ស្ទើរតែគ្រប់ទីកន្លែង នៅក្នុងជីវិតរបស់យើង តួយ៉ាងដូចជា កិច្ចការសាមញ្ញៗ នៅក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃជាដើម។ ទន្ទឹមនឹងការផ្ដល់នូវកាលានុវត្តភាពជាច្រើន បញ្ញាសិប្បនិម្មិត ក៏នាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា បញ្ហាក្រមសីលធម៌, បរិយាបន្នភាព, តម្លាភាព, ភាពស្មើគ្នា, កង្វល់អំពីឯកជនភាព នៃទិន្នន័យ និងតម្រូវការ នៃការបណ្ដុះបណ្តាលជំនាញឡើងវិញ។

សម្តេចធិបតី បានបញ្ជាក់បែបនេះ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ (AMMSTI-20) ដែលកម្ពុជាធ្វើជាប្រធានលើផ្នែកនេះនៅ ក្នុងឆ្នាំ២០២៤ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ។

សម្តេចបញ្ជាក់ថា «ថ្ងៃនេះ, ខ្ញុំចង់គូសរំលេចអំពីគោលការណ៍សំខាន់ពីរ ដែលខ្ញុំគិតថា អាចជួយតម្រង់ទិសនៅក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម និងបញ្ញាសិប្បនិម្មិត និយាយដោយឡែក»

ចំណុចទី១៖ សម្តេចចង់សង្កត់ធ្ងន់ទៅលើភាពចាំបាច់ ដែលការអភិវឌ្ឍវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ មានមូលដ្ឋានដែល «យកប្រជាជនជាស្នូល»។ សម្តេចជឿជាក់ថា យើងពិតជាមានសិទ្ធិនៅ ក្នុងការទាញប្រយោជន៍ពីវឌ្ឍនភាព នៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនេះ យើងក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការធានាតុល្យភាព និង ធានានូវអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើ ដល់មនុស្សជាតិ។ វឌ្ឍនភាពថ្មីៗ ដូចជា កម្មវិធី OpenAI's Sora ដែលជាម៉ូឌែលដែលអាចបំប្លែងអត្ថបទទៅជាវីដេអូ, ឬ កម្មវិធី Gemini របស់ Google ដែលជាម៉ូឌែល នៃកម្មវិធីដ៏មានឥទ្ធិពល ដែលមានច្រើនទម្រង់ អាចបំពេញតាមតម្រូវការផ្សេងៗរបស់អ្នកប្រើប្រាស់។ ទាំងអស់នេះ គឺសុទ្ធតែជាកម្មវិធី ដែលមាន សក្ដានុពលយ៉ាងធំធេង ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្ន នៅក្នុងការអភិវឌ្ឍកម្មវិធីទាំងនេះ ប្រកបដោយការទទួលខុសត្រូវផងដែរ។ ការចាប់យក និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវមាន ដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និង តម្លៃសង្គម។ សាធារណជនទូទៅបានសម្ដែងការ ភ័យខ្លាច និង ការព្រួយបារម្ភរួចទៅហើយថា សិទ្ធិ និងឯកជនភាពរបស់ពួកគេ អាចនឹងត្រូវបាន រំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើម នៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត ។

សម្តេចបានបន្តថា ប្រសិនបើគ្មានការអប់រំ និង ជំនាញ ជាមូលដ្ឋាន និង ការចូលរួមជាបន្តបន្ទាប់, ប្រាកដណាស់ថា ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ជាទូទៅ នៅក្នុងការបែងចែករវាងព័ត៌មាន ក្លែងក្លាយ និងព័ត៌មានពិត ឬ ការបែងចែករវាងរូបភាពសិប្បនិម្មិត ជាមួយនឹងរូបភាពដើម។ ពេលខ្លះ ការវិវត្តបែបនេះ បែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និង រដ្ឋាភិបាល ។ ការបំប្លែង រូបភាពដើម តាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និងសាធារណៈមតិ ហើយក៏អាចបង្កឱ្យមានការបែងចែកនៅក្នុងសង្គម, ភាពច្របូកច្របល់ និង អស្ថិរភាព ដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គម ក៏ដូចជា សន្តិភាពដែលបានមកដោយលំបាក។ សាធារណជន ក៏បានសម្តែងនូវក្ដីបារម្ភ អំពីការបាត់បង់ការងារ នាពេលអនាគត និងបញ្ហាប្រឈមផ្សេងៗទៀតផងដែរ។ ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូល នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏ត្រូវជំរុញការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ, អ្នកស្រាវជ្រាវ និង ស្ថាប័នឯកជនផងដែរ ។ ទន្ទឹមនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត, យើងក៏ត្រូវមានការអភិវឌ្ឍក្របខណ្ឌបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់វឌ្ឍនភាព នៃបញ្ញាសិប្បនិម្មិត ដោយមានការចូលរួមវិភាគទាន ពីគ្រប់ភាគីពាក់ព័ន្ធ ។

ចំណុចទី២៖ សម្តេចលើកឡើងអំពីសារសំខាន់ នៃគោលការណ៍ «ពហុភាគីនិយម»។ ពហុភាគីនិយម គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ នៅក្នុងការចាប់យកបច្ចេកវិទ្យា ដែលកំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ, មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។ ពហុភាគីនិយមមានសារសំខាន់ នៅក្នុងការបង្កើន ប្រសិទ្ធភាព តាមរយៈការស្រាវជ្រាវរួមគ្នា, ការផ្លាស់ប្តូរ, ការប្រើប្រាស់ធនធានរួមគ្នា និង ការបង្កើតភាពសុខដុម តាមរយៈការរៀបចំក្របខណ្ឌ និង វេទិការួម, និង ការរៀបចំរបៀបវារៈ សម្រាប់ការ អភិវឌ្ឍ និង វឌ្ឍនភាពរួមគ្នា ។

សម្តេចបានបញ្ជាក់បន្ថែមថា ជាការពិត, ប្រទេសទាំងឡាយ ត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លា នៅ ក្នុងការចាប់យកបច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែយើងក៏ត្រូវធានាថា យើងនៅតែអាចបង្កើតលំហ សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងការប្រកួតប្រជែងដោយភាពថ្លឹងថ្លែងរបស់យើង ។ «ការកាត់ផ្ដាច់» (decoupling) និង «ការបែងចែក» (fragmentation) មិនគួរក្លាយជាវិធានដែលយើង ប្រកាន់យកនោះទេ ព្រោះថា បើយើងប្រកាន់យកអភិក្រមបែបនេះ យើងនឹងត្រូវប្រឈមនឹងហានិភ័យ នៃការបាត់បង់ធនធានដែលមានកម្រិតរបស់យើងដោយត្រូវផ្តោតទៅលើការព្យាយាមរត់តាមទម្រង់ និងស្តង់ដារផ្សេងៗគ្នា សម្រាប់ប្រភេទ នៃបច្ចេកវិទ្យាតែមួយ ។

សម្តេចជឿជាក់ថា អាស៊ានដែលមានប្រវត្តិយូរលង់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍, គួរតែត្រូវខិតខំតស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគត បច្ចេកវិទ្យាថ្មីៗ ។ ប្រព័ន្ធអេកូឡូស៊ី វិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍របស់អាស៊ាន ពឹងផ្អែក យ៉ាងខ្លាំង ទៅលើគោលការណ៍ពហុភាគី ដែលឈរលើមូលដ្ឋាន នៃស្ថិរភាព, សន្តិភាព, សមធម៌, និរន្តរភាព និងបរិយាបន្នភាព។

សម្តេចក៏មានសេចក្តីរីករាយ ជាមួយនឹងវឌ្ឍនភាព ដែលសម្រេចបាន នៅក្នុងផែនការសកម្មភាព អាស៊ាន ស្ដីពីវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ ឆ្នាំ ២០១៦-២០២៥ (APASTI ២០១៦- ២០២៥)ផងដែរ៕