(ត្រាត)៖ ការបើកផ្លូវទឹកដឹកជញ្ជូនទេសចររវាងខេត្តត្រាត ទៅកាន់តំបន់សមុទ្រកម្ពុជា និងជាមួយកោះត្រល់ នឹងក្លាយជាកាលានុវត្តថ្មីសម្រាប់វិស័យទេសចរណ៍កម្ពុជា ថៃ និងវៀតណាម (CVTEC) ដែលទាមទារឱ្យខាងភាគីកម្ពុជាចូលរួមក្នុងការផ្ដល់គោលនយោបាយ សម្របសម្រួលក្នុងការតភ្ជាប់ផ្លូវទឹកនេះ ខណៈភាគីថៃក៏បានត្រៀមខ្លួនរួចរាល់អស់ហើយ។

គួរជម្រាបថា ភាគីថៃ កម្ពុជា និងវៀតណាមបាននិងកំពុងសហការរៀបចំវេទិកាធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ ឬហៅថា CVTEC Trat Business Roadshow 2024 ចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តត្រាត ប្រទេសថៃ ក្រោមការសហការរវាងសភាឧស្សាហកម្មទេសចរណ៍ថៃប្រចាំខេត្តត្រាត និងសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកប្រចាំកម្ពុជា (PATA) ក្នុងគោលបំណងដើម្បីជំរុញចលនាទេសចរផ្លូវសមុទ្រ និងចរន្តពាណិជ្ជកម្មតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង ដែលជាប់តំបន់សមុទ្រនៃប្រទេសទាំង៣ កម្ពុជា វៀតណាម ថៃ។

លោកស្រី ស្រួង វិយ៉ាដា ប្រធានសភាឧស្សាហកម្មទេសចរណ៍ថៃប្រចាំខេត្តត្រាត បានឱ្យដឹងថា ក្នុងមួយឆ្នាំៗ មានភ្ញៀវទេសចរប្រមាណ១២លាននាក់បានឆ្លងកាត់ច្រករបៀងខាងត្បូងដែលជាប់តំបន់សមុទ្រនៃប្រទេសថៃ កម្ពុជា និងវៀតណាម។ តែដោយសារផ្លូវគោកខ្លះមានស្ថានភាពពិបាកធ្វើដំណើរ និងកំពុងជួសជុលផងនោះ ដូច្នេះគ្រប់ភាគីត្រូវតែតភ្ជាប់ការដឹកជញ្ជូនទេសចរតាមផ្លូវទឹកនេះឱ្យបាន។

លោកស្រី វិយ៉ាដា បានបន្តថា ការសម្រេចបាននូវកិច្ចសហប្រតិបត្តិការនេះ គឺជាការតភ្ជាប់គោលដៅទេសចរណ៍ «ប្រទេស៣គោលដៅតែមួយ»

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកប្រចាំកម្ពុជា បានឱ្យដឹងថា នៅខេត្តត្រាត ក្រៅពីគោលដៅទេសចរណ៍នៅលើដីគោក ក៏មានកោះសំខាន់ៗដែលមានសក្ដានុពលក្នុងវិស័យទេសចរណ៍ខ្លាំង ដូចជា កោះកូត កោះម៉ាក កោះឆាងជាដើម ដែលមានភ្ញៀវទេសចរអឺរ៉ុបស្នាក់នៅមិនចាញ់ប៉ាតាយ៉ា និងកោះសាមុយនោះឡើយ។ លោកក៏បានបង្ហាញក្ដីរំពឹងថា ភ្ញៀវទេសចរអឺរ៉ុបទាំងនោះនឹងជ្រើសរើសគោលដៅទេសចរណ៍កម្ពុជាជាកន្លែងទស្សនាកម្សាន្តបន្ទាប់ ដូច្នេះក្រៅពីប្រជាជនថៃ ក៏មានភ្ញៀវទេសចរបរទេសដែលស្នាក់នៅប្រទេសថៃផងដែរ។

លោកប្រធាន PATA បានបន្តថា សម្រាប់កម្ពុជា គឺមានអ្វីៗអស់ហើយ ដូចជាក្រុមហ៊ុនការីទេសចរណ៍ ការដឹកជញ្ជូនផ្លូវសមុទ្រ អ្នកវិនិយោគទេសចរណ៍ ក៏ត្រៀមខ្លួនរួចរាល់ក្នុងការទទួលនិងបញ្ជូនភ្ញៀវទេសចរទៅមក ចំណែកផ្នែកអន្តោប្រវេសន៍ក៏កម្ពុជាមានមន្ត្រីបំពេញការងារបាន គ្រាន់តែត្រូវពង្រាយទីតាំងតាមក្រោយប៉ុណ្ណោះ ហើយរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខេត្តនីមួយៗក៏គាំទ្រ។ សំណួរសួរថា តើក្រសួងសាមីនីមួយៗមានឆន្ទៈចង់ធ្វើកិច្ចការនេះដែរឬទេ?

បើតាមការអំពាវនាវរបស់លោក ធួន ស៊ីណាន ក្រសួងទេសចរណ៍គួរតែស្នើគោលនយោបាយទៅកាន់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់ការដឹកជញ្ជូនទេសចរណ៍ផ្លូវសមុទ្រជាមួយប្រទេសថៃ និងវៀតណាម ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ព្រោះកម្ពុជាបានកសាងកំពង់ផែមួយចំនួននៅខេត្តកំពត ខេត្តកែប ខេត្តកោះកុង ដែលជាការគិតគូរពីផលប្រយោជន៍ជាតិ។

លោក ធួន ស៊ីណាន បានបញ្ជាក់ថា ការធ្វើដំណើរតាមផ្លូវទឹក គឺលឿនជាង ហើយផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ភ្ញៀវទេសចរទាំងឡាយ។

បើតាមលោក គន្ធា ភិរម្យ តំណាងក្រុមហ៊ុន ជី.ធី.វី.ស៊ី.ស្ពីដប៊ូត បានឱ្យដឹងថា ក្រុមហ៊ុនលោកបានបញ្ជូនក្រុមការងារបច្ចេកទេសចំនួន៧នាក់ មកសិក្សាផ្លូវសមុទ្រពីខេត្តព្រះសីហនុ ក្នុងនោះក្រុមការងារបានគណនាឃើញថា ចម្ងាយផ្លូវពីកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ មកកំពង់ផែពហុបំណងខេត្តត្រាតមានប្រមាណ៩០ម៉ៃយ៍ រយៈពេល៣ម៉ោងនិង៤០នាទី។

គួរជម្រាបថា នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះដែរ ភាគីកម្ពុជាដែលមានរដ្ឋបាលខេត្តព្រះសីហនុ (ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត) រដ្ឋបាលខេត្តកំពត ខេត្តកែប ខេត្តកោះកុង សមាគម PATA និងការីទេសចរណ៍ជាច្រើន បានចូលរួមក្នុងវេទិកាធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ ឬហៅថា CVTEC Trat Business Roadshow 2024 ជាមួយភាគីថៃ ភាគីវៀតណាម និងភាគីពាក់ព័ន្ធនៃប្រទេសទាំង៣។ វេទិកានេះធ្វើឡើងនៅលើកោះឆាង ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ និងធ្វើទំនាក់ទំនងជាមួយដៃគូវិញទៅមក៕