(សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលរៀបចំឡើងនៅលើទឹកដីខេត្តសៀមរាប ដែនដីប្រាង្គប្រាសាទដ៏ល្បាញល្បីរបស់ខ្មែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រី​អាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមានសេចក្តីសោមនស្ស ដែលបានចូលរួមបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើកទី ២០ (AMMSTI-20) ដែលកម្ពុជាធ្វើជាប្រធានលើផ្នែកនេះនៅ ក្នុងឆ្នាំ ២០២៤ ហើយសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូទាំងអស់ ដែលបានមកកាន់ ទីក្រុងអង្គរដែលជាទីក្រុងបុរាណដ៏ស្រស់ស្អាតរបស់យើង។ ទីក្រុងអង្គរ គឺជាភស្តុតាងជាក់ស្តែង នៃការប្រើប្រាស់វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ដើម្បីកសាងអច្ឆរិយៈពិភពលោក និង ប្រាង្គប្រាសាទ ដ៏អស្ចារ្យជាច្រើន ដែលនៅបន្តគង់វង្សអស់រយៈកាល ១០០០ ឆ្នាំ ហើយក៏នឹងនៅតែបន្តស្ថិតស្ថេរ តទៅអនាគតខាងមុខ សម្រាប់មនុស្សជាតិទាំងមូល ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជានិច្ចកាល គឺជាសសរស្តម្ភដ៏សំខាន់ ដែលទ្រទ្រង់វឌ្ឍនភាព របស់មនុស្សជាតិ, ជួយផ្ដល់ជាដំណោះស្រាយផ្សេងៗ, ធ្វើឱ្យជីវិតរបស់យើងកាន់តែល្អប្រសើរ និង ងាយស្រួលជាងមុន, និង បានជួយពង្រីកវិសាលភាព និងលទ្ធភាពនៃការគ្រប់គ្រងរបស់មនុស្សជាតិទៅលើសង្គម, ធម្មជាតិ និងភពផែនដីរបស់យើង ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរីកចម្រើននៃបច្ចេកវិទ្យាបានកាត់បន្ថយចម្ងាយនៃភូមិសាស្ត្រ, បង្កើនល្បឿន និង ពង្រឹងសកលភាវូបនីយកម្ម ដែលបានជួយធ្វើឱ្យ ពិភពលោករបស់យើង កាន់តែខិតជិតគ្នា និង បានផ្ដល់នូវកាលានុវត្តភាពជាច្រើន នៅលើទិដ្ឋភាព នៃការចែករំលែកចំណេះដឹង និង ការបង្កើតធនធានសេដ្ឋកិច្ច សម្រាប់ពិភពលោកទាំងមូល ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាស៊ានពិតជាបានទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីសកលភាវូបនីយកម្ម ដែលគាំទ្រដោយការរីកចម្រើន នៃវិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ហើយសកលភាវូបនីយកម្មនេះហើយ ដែលបានប្រែក្លាយតំបន់អាស៊ាន ពីតំបន់ដែលមានប្រទេសភាគច្រើន ទើបទទួលបានឯករាជ្យថ្មីៗ ទៅជាមជ្ឈមណ្ឌលនៃកំណើនដ៏សំខាន់មួយនៃពិភពលោក ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បន្តវិវឌ្ឍក្នុងល្បឿនមួយយ៉ាងលឿន, យើងមានភាពចាំបាច់ ដែលពិភពលោកត្រូវប្រើប្រាស់ និង ត្រួតពិនិត្យឱ្យបានហ្មត់ចត់លើបច្ចេកវិទ្យាដែល កំពុងលេចឡើងថ្មី ដែលអាចមានឥទ្ធិពលកែប្រែពិភពលោក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងអាចមើលឃើញការប្រើប្រាស់បញ្ញាសិប្បនិម្មិត ស្ទើរតែគ្រប់ទីកន្លែង នៅក្នុងជីវិតរបស់យើងតួយ៉ាងដូចជា កិច្ចការ សាមញ្ញៗ នៅក្នុងការស្វែងរកព័ត៌មាននៅលើទូរស័ព្ទឆ្លាតវៃជាដើម។ ទន្ទឹមនឹងការផ្ដល់នូវកាលានុវត្តភាពជាច្រើន, បញ្ញាសិប្បនិម្មិត ក៏នាំមកនូវបញ្ហាប្រឈមសំខាន់ៗមួយចំនួន ដូចជា បញ្ហាក្រមសីលធម៌, បរិយាបន្នភាព, តម្លាភាព, ភាពស្មើគ្នា, កង្វល់អំពីឯកជនភាពនៃទិន្នន័យ និង តម្រូវការ នៃការបណ្ដុះបណ្តាលជំនាញឡើងវិញ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការពិតមនុស្សជាតិរបស់យើង កំពុងឈានជើងចូលទៅក្នុងពិភពមួយ ដែលយើងមិនធ្លាប់ស្គាល់ពីមុនមក ដូច្នេះហើយ យើងត្រូវបោះជំហានទៅមុខ ប្រកបដោយការប្រុងប្រយ័ត្ន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសូមគូសរំលេចអំពីគោលការណ៍សំខាន់ពីរ ដែលសម្តេចគិតថាអាចជួយតម្រង់ទិស នៅក្នុងការឆ្លងកាត់បញ្ហាប្រឈម ក៏ដូចជាកាលានុវត្តភាពថ្មីៗ ដែលស្ដែងឡើងតាមរយៈវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និងនវានុវត្តន៍ និយាយជារួម និង បញ្ញាសិប្បនិម្មិត និយាយដោយឡែក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចចង់សង្កត់ធ្ងន់ទៅលើភាពចាំបាច់ ដែលការអភិវឌ្ឍវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ មានមូលដ្ឋានដែល «យកប្រជាជនជាស្នូល» ។ យើងពិតជាមានសិទ្ធិនៅក្នុងការទាញប្រយោជន៍ពីវឌ្ឍនភាព នៃបច្ចេកវិទ្យា ប៉ុន្តែទន្ទឹមនេះយើងក៏ត្រូវមានការទទួលខុសត្រូវ នៅក្នុងការធានាតុល្យភាព និង ធានានូវអត្ថប្រយោជន៍ ដែលបច្ចេកវិទ្យាអាចបម្រើ ដល់មនុស្សជាតិ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចាប់យក និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវមានដែនកំណត់មួយ ដែលគិតគូរពីសីលធម៌ និងតម្លៃសង្គម។ សាធារណជនទូទៅបានសម្ដែងការ ភ័យខ្លាច និង ការព្រួយបារម្ភរួចទៅហើយថា សិទ្ធិ និង ឯកជនភាពរបស់ពួកគេ អាចនឹងត្រូវបានរំលោភបំពាន ដោយសមត្ថភាពដ៏ខ្លាំងសម្បើម នៃកម្មវិធីដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើគ្មានការអប់រំ និងជំនាញជាមូលដ្ឋាន និង ការចូលរួមជាបន្តបន្ទាប់, ប្រាកដណាស់ថា ពិតជាមានការលំបាក សម្រាប់អ្នកប្រើប្រាស់ជាទូទៅ នៅក្នុងការបែងចែករវាងព័ត៌មាន ក្លែងក្លាយ និងព័ត៌មានពិត ឬ ការបែងចែករវាងរូបភាពសិប្បនិម្មិត ជាមួយនឹងរូបភាពដើម។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលខ្លះការវិវត្តបែបនេះ បែរជាបង្កឱ្យមានការខាតបង់យ៉ាងច្រើនដល់សង្គម និងរដ្ឋាភិបាល។ ការបំប្លែងរូបភាពដើម តាមរយៈបច្ចេកវិទ្យាទាំងនេះ អាចយារយីដល់សតិអារម្មណ៍សង្គម និង សាធារណៈមតិ ហើយក៏អាចបង្កឱ្យមានការបែងចែកនៅក្នុងសង្គម, ភាពច្របូកច្របល់ និង អស្ថិរភាព ដែលអាចប៉ះពាល់ដល់ភាពសុខដុមនៃសង្គម ក៏ដូចជា សន្តិភាពដែលបានមកដោយលំបាក។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សាធារណៈជន ក៏បានសម្តែងនូវក្ដីបារម្ភ អំពីការបាត់បង់ការងារ នាពេលអនាគត និងបញ្ហាប្រឈមផ្សេងៗទៀតផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការប្រកាន់អភិក្រមដែលយកប្រជាជនជាស្នូល នៅក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត មានសារៈសំខាន់យ៉ាងខ្លាំង ហើយយើងក៏ត្រូវជំរុញការផ្លាស់ប្តូរ ឥរិយាបថរបស់អ្នករៀបចំគោលនយោបាយ, អ្នកស្រាវជ្រាវ និង ស្ថាប័នឯកជនផងដែរ ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពហុភាគីនិយមគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ នៅក្នុងការចាប់យកបច្ចេកវិទ្យា ដែលកំពុងលេចឡើងថ្មី ដើម្បីធានាថា បច្ចេកវិទ្យាទាំងនោះបម្រើឱ្យមនុស្សជាតិ, មិនមែនមនុស្សជាតិ ត្រូវរត់តាមបម្រើបច្ចេកវិទ្យាទាំងនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រទេសទាំងឡាយត្រូវប្រកួតប្រជែងយ៉ាងខ្លាំងក្លា នៅក្នុងការចាប់យកបច្ចេកវិទ្យាទំនើបបំផុត ប៉ុន្តែយើងក៏ត្រូវធានាថា យើងនៅតែអាចបង្កើតលំហ សម្រាប់កិច្ចសហប្រតិបត្តិការ នៅក្នុងការប្រកួតប្រជែងដោយភាពថ្លឹងថ្លែងរបស់យើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាស៊ានដែលមានប្រវត្តិយូរលង់ នៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងវិស័យវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍, គួរតែត្រូវខិតខំតស៊ូមតិឱ្យបានខ្លាំងក្លាបន្ថែមទៀត អំពីភាពចាំបាច់នៅក្នុងការប្រកាន់ខ្ជាប់គោលការណ៍ពហុភាគីនិយម ដើម្បីតម្រង់ទិសអនាគតបច្ចេកវិទ្យាថ្មីៗ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចសូមផ្តល់អនុសាសន៍ដល់ការរៀបចំ APASTI ២០២៦-២០៣៥ ឱ្យយកចិត្តទុកដាក់បន្ថែមទៀត ចំពោះលទ្ធភាពទទួលបានបច្ចេកវិទ្យា និង ការផ្ទេរបច្ចេកវិទ្យា ប្រកបដោយសមធម៌, ការអភិវឌ្ឍធនធានមនុស្សប្រកបដោយទេពកោសល្យ និង ចល័តភាព នៃបុគ្គលដែលមានទេពកោសល្យ តាមរយៈការផ្ទេរបច្ចេកវិទ្យា, ការអភិវឌ្ឍធនធានមនុស្សដែលមានទេពកោសល្យ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការពិភាក្សា និង ការផ្លាស់ប្ដូរស៊ីជម្រៅពេញមួយសប្តាហ៍ យើងនឹងអាចដាក់ចេញនូវគំនិតជាក់ស្ដែងនិយម ដែលមានមូលដ្ឋាននៅលើកិច្ចសហប្រតិបត្តិការ ទ្វេភាគី និង ពហុភាគី នៅក្នុងទិសដៅពន្លឿនការអភិវឌ្ឍវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រកាសបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ផ្នែកវិទ្យាសាស្ត្រ, បច្ចេកវិទ្យា និង នវានុវត្តន៍ លើកទី២០ ចាប់ពីពេលនេះតទៅ។

* សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News ៕