(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ហៅកាត់ សាលាតិចណូ) បានរៀបចំសន្និសីទវិទ្យាសាស្រ្តលើកទី១៣ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៦-៧ ខែមិថុនា ឆ្នាំ២០២៤ ផ្តោតលើ ការជំរុញនវានុវត្តន៍៖ មូលធនមនុស្ស ការស្រាវជ្រាវ និងការផ្សារភ្ជាប់ជាមួយឧស្សាហកម្ម ឬវិស័យឯកជន ដើម្បីចែករំលែកនិងផ្លាស់ប្តូរចំណេះដឹងលើលទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្ត។

សន្និសីទវិទ្យាសាស្រ្តលើកទី១៣ នេះបានរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមានភ្ញៀវជាតិ និងអន្តរជាតិចូលរួមប្រមាណ ២០០០នាក់។

សន្និសីទវិទ្យាសាស្រ្តលើកទី១៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានេះបានប្រព្រឹត្តទៅក្រោមកិច្ចសហប្រតិ្តបត្តិការជាមួយដៃគូរជាតិ អន្តរជាតិ វិស័យឯកជន និងស្ថាប័នផ្សេងៗជាច្រើនទៀត។ សន្និសីទវិទ្យាសាស្រ្តនេះត្រូវបានប្រព្រឹត្តទៅរួមគ្នាជាមួយនឹង សន្និសីទអន្តរជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ និងសន្និសីទស្តីពីការស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាអាហារលើកទី១។

សន្និសីទវិទ្យាសាស្រ្តនេះធ្វើឡើងក្នុងគោលបំណងជំរុញ បច្ចេកវិទ្យា និងវិស្វកម្ម ដែលអនុញ្ញាតឱ្យសាស្រ្តាចារ្យ អ្នកស្រាវជ្រាវវិទ្យាសាស្រ្ត និងនិស្សិតមានឱកាសក្នុងការចែករំលែកនិងផ្លាស់ប្តូរចំណេះដឹងលើលទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បីចូលរួមចំណែកបំពេញតម្រូវការនៃការលូតលាស់សេដ្ឋកិច្ចជាតិ។ បន្ថែមពីនេះទៀត សន្និសីទវិទ្យាសាស្រ្តនេះមានគោលដៅផ្សារភ្ជាប់ និងពង្រឹងសហប្រត្តិបត្តិការរវាងវិទ្យាស្ថានជាមួយនឹងដៃគូរផ្សេងៗ ដើម្បីឈានដល់ការពង្រឹងបន្ថែមនូវកិច្ចសហប្រត្តិបត្តិការជាតិ ក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងការបង្កើន និងជុំរុញសកម្មភាពស្រាវជ្រាវនៅក្នុងវិទ្យាស្ថានជាមួយនឹងដៃគូរជាតិ អន្តរជាតិ និងវិស័យឯកជន។

ទន្ទឹមគ្នានេះ ការរៀបចំនូវសន្និសីទ ក៏មានបំណងជំរុញការរួមបញ្ជូលគ្នាជាពហុជំនាញរវាងវិទ្យាស្ថាន ជាមួយនឹងវិស័យសាធារណៈ និងវិស័យឯកជន ដើម្បីឆ្ពោះទៅរកការផ្ទេរបច្ចេកវិទ្យាទៅក្នុងវិស័យឧស្សាហកម្ម និងសង្គម ,ពង្រឹងសមត្ថភាពស្រាវជ្រាវ និងនវានុវត្តន៍នៅក្នុងវិស័យអប់រំថ្នាក់ឧត្តមសិក្សា; និងដើម្បីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវវិទ្យាសាស្រ្ត និងជំរុញសកម្មភាពរបស់សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ និងនិស្សិតក្នុងការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកវិទ្យា។

លោកចារ្យបណ្ឌិត ប៉ូ គឹមថូ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានលើកឡើងថា ប្រធានបទនៃសន្និសីទវិទ្យាសាស្រ្តលើកទី១៣ ដែលផ្តោតលើ ការជំរុញនវានុវត្តន៍៖ មូលធនមនុស្ស ការស្រាវជ្រាវ និងការផ្សារភ្ជាប់ជាមួយឧស្សាហកម្ម ឬវិស័យឯកជន (Catalyzing Innovation: Human Capital, Research and Industry Linkages ) គឹជាតម្រូវការពិតប្រាកដមួយដែលស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា «វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាមានបេសកម្មមួយក្នុងការបណ្តុះធនធានមនុស្សក្នុងវិស័យវិស្វកម្មនិងបច្ចេកវិទ្យា ពង្រឹងការស្រាវជ្រាវជាប្រព័ន្ធ បង្កើនភាពជឿនលឿននៃនវានុវត្តន៍ និងបង្កើនទំនាក់ទំនងរវាងវិទ្យាស្ថាននឹងស្ថាប័នឯកជនគ្រប់កម្រិត។ បន្ថែមពីនេះទៀត យើងនឹងព្យាយាមឱ្យអស់លទ្ធភាពក្នុងការពង្រឹងនូវគុណភាពស្រាវជ្រាវ និងចែករំលែកនូវការស្រាវជ្រាវដល់សង្គមជាតិ»។

 

នៅក្នុងសន្និសីទវិទ្យាសាស្រ្តលើកទី១៣ មានបទបង្ហាញចែករំលែកលើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត នវានុវត្តន៍ជាង៩០ ប្រធានបទខុសៗគ្នា ពីសាស្រ្តាចារ្យ និស្សិត ដៃគូរអន្តរជាតិ និងក្រុមហ៊ុនដែលឈានមុខគេក្នុងវិស័យវិទ្យាសាស្រ្តនិងការស្រាវជ្រាវនៅកម្ពុជា។

ប្រធានបទទាំងនោះទាក់ទងនឹង៖ (១) បច្ចេកវិទ្យា និងការគ្រប់គ្រងថាមពល (Energy Technology and Management); (២) បច្ចេកវិទ្យាអាហារ និងអាហារូបត្ថម្ភ (Food and Nutrition Technology) ; (៣) មេកាត្រូនិច និងបច្ចេកវិទ្យាពត៌មាន (Mechatronics and Information Technology); (៤) វិទ្យាសាស្រ្តរូបធាតុ និងគ្រឿងបង្គុំ (Materials Science and Structures) និង(៥) ទឹក និងបរិស្ថាន (Water and Environment)។

បន្ថែមពីនេះទៀត មានការចូលរួមតាំងពិព័រណ៍បង្ហាញលទ្ធផលស្រាវជ្រាវ ផលិតផលគម្រូ ពីសាស្រ្តាចារ្យ និស្សិត ដៃគូរអភិវឌ្ឍន៍ និងក្រុមហ៊ុនដែលឈានមុខគេក្នុងវិស័យវិទ្យាសាស្រ្តស្រាវជ្រាវជាច្រើនដូចជា ក្រុមហ៊ុន TEM Trading M&E Products Co., Ltd; Chip Mong Insee Cement Corporation; Cart Tire Co., Ltd; DENSO (Cambodia) Co., Ltd; The French National Research Institute for Sustainable Development; Suez Consulting (Safege); S.N.K.R.P Co., Ltd; Standard Scientific Equipment Co., Ltd; Chemscience Solution Co., Ltd; Institut Pasteur du Cambodge; LSV Industry Co., Ltd; RHB Bank (Cambodia) Plc; និង ក្រុមហ៊ុន Mekong Ev Co., Ltd ផងដែរ។

សន្និសីទវិទ្យាសាស្រ្តនេះក៏មានការចូលរួមពីសិស្សវិទ្យាល័យប្រហែល ១២០០ នាក់ផងដែរ ដែលក្នុងនោះសិស្សានុសិស្សបានចូលរួមមើលការតាំងពិព័រណ៍ និងទស្សនៈកិច្ចមន្ទីពិសោធន៍នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕