(ភ្នំពេញ)៖ ស្ថានទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញបានរៀបចំការប្រារព្ធពិធីដ៏ធំមួយនៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២៤ នៅ សណ្ឋាគារ Himawari ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ Charles III ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរឱកាសដ៏សំខាន់នេះ និងពង្រឹងទំនាក់ទំនង វប្បធម៌ និងការទូតរវាងចក្រភពអង់គ្លេស និងកម្ពុជា។

ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស Dominic Williams រួមជាមួយនឹងភ្ញៀវកិត្តិយសប្រមាណ ៣០០នាក់ មកពី រាជរដ្ឋាភិបាលកម្ពុជា និងបេសកកម្មការទូត ព្រមទាំងដៃគូអប់រំ និងអ្នកតំណាងមកពីសង្គមស៊ីវិល និងអង្គការ មិនមែនរដ្ឋាភិបាល (NGOs) ក៏បានចូលរួមអបអរសាទរក្នុងពិធីនេះផងដែរ។ ការចូលរួមពីគ្រប់ភាគី បានគូសបញ្ជាក់ពីសារៈសំខាន់នៃឱកាសនេះ និងទំហំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «ការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ គឺជាឱកាសដ៏រីករាយជារៀងរាល់ឆ្នាំ នៅពេលដែលស្ថានទូតខិតខំប្រឹងប្រែងយ៉ាងពិសេស ដើម្បីអបអរសាទរមិត្តភាពរបស់យើងជាមួយកម្ពុជា និង ថ្លែងអំណរគុណចំពោះអ្នកដែលយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយពេញមួយឆ្នាំមកនេះ លើគ្រប់វិស័យរាប់ ចាប់តាំងពីផ្នែកការការពារជាតិ និងសន្តិសុខ រហូតដល់សិទ្ធិមនុស្ស និងសមភាពយេនឌ័រ។

យើងបានចែករំលែកពេលវេលាដ៏សំខាន់ជាមួយប្រទេសកម្ពុជាក្នុងឆ្នាំនេះ ពោលគឺការចាប់ផ្តើមកិច្ចសន្ទនា នយោបាយ ធ្វើការរួមគ្នាលើហេដ្ឋារចនាសម្ព័ន្ធបៃតង និងនិរន្តរភាព និងការចាប់ផ្តើមកម្មវិធីបរិស្ថានថ្មីដ៏សំខាន់ នៅក្នុងឧទ្យានជាតិវីរៈជ័យ។ ប៉ុន្តែខ្ញុំមានមោទកភាពជាពិសេសចំពោះភាពជាដៃគូរបស់យើងជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រោះខ្ញុំជឿថាចក្រភពអង់គ្លេសយើងបានរួមចំណែកដ៏ធំបំផុតចំពោះភាពរុងរឿងនាពេល អនាគតរបស់ប្រទេសកម្ពុជា តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់យើង និងការចូលរួមពាណិជ្ជកម្មលើវិស័យអប់រំ។

ខ្ញុំក៏អរគុណចំពោះអ្នកឧបត្ថម្ភរបស់យើង - IDP Education, Everybody Count, CamEd, Prudential, Seekers Independent Spirits និងសណ្ឋាគារ Himawari - ដែលបានចូលរួមចំណែកជាមួយពួកយើងក្នុង ការប្រារព្ធពិធីដ៏អស្ចារ្យនេះ។»

ប្រធានបទនៃការប្រារព្ធពិធីនេះផ្តោតលើការអប់រំ ដែលបង្ហាញពីការគាំទ្រ និងការប្តេជ្ញាចិត្តដ៏យូរអង្វែងរបស់ចក្រ ភពអង់គ្លេសនៅក្នុងវិស័យដ៏សំខាន់នេះ។ យើងមានមោទកភាពក្នុងការបង្ហាញពីកម្មវិធីអប់រំប្រកបដោយប្រសិទ្ធភាព ដែលគាំទ្រដោយរដ្ឋាភិបាលចក្រភពអង់គ្លេស ឬធ្វើឡើងដោយអង្គការក្រៅរដ្ឋាភិបាលដែលបានចុះបញ្ជីនៅចក្រភពអង់គ្លេស ដែលត្រូវបានដាក់បង្ហាញយ៉ាងលេចធ្លោនៅក្នុងពិធីនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តាងនាមរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមសំដែងចំណាប់អារម្មណ៏អំពីការប្រារព្ធពិធី និងភាពជាដៃគូលើវិស័យអប់រំរវាងចក្រភពអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា៖ «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា និងក្នុងឱកាសដ៏មហាវិសេសវិសាលបំផុត និងជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមគោរពថ្វាយព្រះពរ ព្រះមហាក្សត្រ មានសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ គង់ជាម្លប់ដ៏ត្រជាក់ត្រជុំ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ ជូនចំពោះប្រជាជនចក្រអង់គ្លេស និងអៀរឡង់ខាងជើង។

ឱកាសនេះអនុញ្ញាតឱ្យយើងឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ស្និទ្ធស្នាលដ៏យូរអង្វែង ដែលចងភ្ជាប់ព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដែលជាស្ថាប័នរាជវង្សដ៏ចំណាស់បំផុតដែលនៅសេសសល់ទូទាំងពិភពលោក។ ដោយឈរនៅលើប្រយោជន៍រួម និងការគោរពគ្នាទៅវិញទៅមក ទំនាក់ទំនងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ១៩៥៣ ដែលព្រះរាជាណាចក្រទាំងពីរបានបង្កើតទំនាក់ទំនងការទូត។ ទស្សវត្សរ៍កន្លងមកនេះ បានឃើញនូវភាពជាគំរូនៃមិត្តភាព ដោយកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងផលប្រយោជន៍រួមបានរីកដុះដាលក្នុងវិស័យផ្សេងៗ។ ជាពិសេស ការផ្លាស់ប្តូរជាញឹកញាប់នៃដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រជាជាតិរបស់យើង ដែលជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំនេះ។

ដោយសារការអប់រំជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍជាតិ ខ្ញុំមានអំណរគុណជាពិសេសចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេស។ កម្មវិធី Chevening ដែលផ្តល់អាហារូបករណ៍ជាង ២០០ ដល់និស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣ មក បានបណ្តុះទេពកោសល្យដល់និស្សិតកម្ពុជាជាច្រើនជំនាន់ ដែលបច្ចុប្បន្នមានតួនាទីលេចធ្លោនៅក្នុងរាជរដ្ឋាភិបាលកម្ពុជា។ ខ្ញុំក៏សូមកត់សម្គាល់ផងដែរអំពីការរួមចំណែករបស់សប្បុរសជនអង់គ្លេសក្នុងប្រតិបត្តិការសាលារៀនជំនាន់ថ្មី (NGs) នៅកម្ពុជា។

អនុញ្ញាតឱ្យខ្ញុំទទួលស្គាល់នូវតួនាទីយ៉ាងសកម្ម និងសំខាន់របស់ឯកឧត្តមឯកអគ្គរាជទូត Dominic Williams ក្នុងការលើកកម្ពស់ និងគាំទ្រវិស័យអប់រំនៅកម្ពុជា ជាពិសេសតាមរយៈការសម្ពោធសាកលវិទ្យាល័យចក្រភព អង់គ្លេសដំបូងគេនៅកម្ពុជា សាកលវិទ្យាល័យ De Montfort និងការបង្កើតសាលារៀនមួយចំនួនដែលមានកម្ម វិធីសិក្សារបស់អង់គ្លេស ក៏ដូចជាការរួមចំណែករបស់លោកក្នុងការគាំទ្រការប្រកួតជើងឯកការជជែកដេញដោល និងការនិយាយជាសាធារណៈរបស់កម្ពុជាដែលបានបញ្ចប់ដោយជោគជ័យនាពេលថ្មីៗនេះ ដែលត្រូវបានរៀបចំឡើងកាលពីខែមុនដោយ IDP សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ភ្នាក់ងារពាក់ព័ន្ធ និងដៃគូដទៃទៀត។»

ក្នុងឱកាសអបអរសាទរដល់កម្មវិធីទាំងមូល ភ្ញៀវកិត្តិយសរបស់យើង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានចូលរួមជាមួយ ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស Dominic Williams ដើម្បីថ្វាយព្រះពរដល់ព្រះមហាក្សត្រ Charles III និងព្រះមហាក្សត្រី ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី និង សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ។