(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ សាសនិកឥស្លាមកម្ពុជា ចំនួន៨៩១នាក់ហើយ បានធ្វើដំណើរចាកចេញពីកម្ពុជា ដើម្បីទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ នៅប្រទេសអារ៉ាប៊ីសាអូឌីត សម្រាប់ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើដំណើរចាកចេញ ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។

នេះជាការលើកឡើងរបស់លោក រ៉ូហ្វី​​ អូស្មាន អនុប្រធានអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នាឱកាសអញ្ជើញសំណេះសំណាល និងជូនដំណើរសាសនិកឥស្លាមចំនួន១១២នាក់ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ជើងទី៨។

ក្នុងឱកាសនោះ លោក រ៉ូហ្វី អូស្មាន បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំង ដែលបានឃើញសាសនិកឥស្លាមកម្ពុជា អាចមានលទ្ធភាពទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជ ខណៈការទៅធ្វើបុណ្យហាជ្ជនេះត្រូវចំណាយថវិកាច្រើន។

លោកបានបន្តថា ទោះបីជាបណ្តាប្រទេសនានាៗលើពិភពលោក បានរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ដោយសារការរីករាលដាលជំងឺកូវីដ ក្នុងរយៈពេលកន្លងមកក៏ដោយ កម្ពុជានៅតែអាចអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចផងដែរ។

លោក រ៉ូហ្វី អូស្មាន បានបន្ថែមថា នេះដោយសារតែក្រោមម្លប់ដ៏ត្រជាក់របស់រាជរដ្ឋាភិបាលដែលដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត បានបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការប្រកបមុខរបរ និងទទួលបានជីវភាពល្អប្រសើរជាងមុន រហូតអាចមានលទ្ធភាពទៅធ្វើបុណ្យហាជ្ជ ដែលជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចឥស្លាមទាំង៥ សម្រាប់អ្នកមានលទ្ធភាព និងសមត្ថភាព។

សូមជម្រាបថា ការចេញដំណើរនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ខណៈឆ្នាំនេះមានសាសនិកឥស្លាមកម្ពុជាចំនួន៩១០នាក់ ចេញទៅធ្វើបុណ្យហាជ្ជនេះ ពោលគឺនៅសល់១៩នាក់ទៀតប៉ុណ្ណោះ ដែលនឹងចេញដំណើរនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ ដែលបានទទួលព្រះរាជទានពី ព្រះចៅសាល់ម៉ាន ពិន​ អាប់ឌុលអាហ្ស៊ីស អាល់ស៊ូអ៊ូទ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត សម្រាប់ជើងចុងក្រោយ ដោយក្នុងម្នាក់ៗចំណាយប្រមាណ ៦០០០ដុល្លារ។

លោកបានផ្ដាំផ្ញើ និងការជូនពរដល់អ្នកដែលអញ្ជើញទៅបំពេញកាតព្វកិច្ច បុណ្យហាជ្ជនាថ្ងៃនេះ ព្រមទាំងអ្នកចេញដំណើរជាបន្តបន្ទាប់សូមប្រកបដោយ សេចក្តីសុខសុវត្ថិភាព និងបំពេញកាតព្វកិច្ចរបស់ខ្លួនគ្រប់លក្ខណៈ តាមក្បួនច្បាប់របស់សាសនាឥស្លាម៕