(សៀមរាប)៖ ផ្លូវក្រាលល្បាយគ្រួសក្រហម១ខ្សែ ប្រវែងជាង ១២គីឡូម៉ែត្រ ដែលជាគម្រោង (DRR-PM-2023-No.026) ស្ថិតនៅស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានគណៈកម្មការអន្ដរក្រសួង ប្រកាសទទួលយក ១០០% បន្ទាប់ពីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ដោយពិនិត្យឃើញត្រឹមត្រូវតាមស្ដង់ដារ និងមានគុណភាពល្អ។

ការចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពនេះ ធ្វើឡើងនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ ដឹកនាំដោយលោក សាន វិសាល រដ្ឋលេខាធិការលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ដសៀមរាប ព្រមទាំងមានការចូលរួមពីគណៈកម្មការអន្ដរក្រសួងពាក់ព័ន្ធចូលរួមផងដែរ។

លោក ទូច ម៉ាឡា បានឲ្យដឹងថា ផ្លូវមួយខ្សែនេះមានប្រវែង១២ ៣៣០ម ទទឹងខ្នងលើ៦ម ឆ្លងកាត់ឃុំតាយ៉ែក ស្រុកសូទ្រនិគម និងឃុំពង្រលើ ស្រុកជីក្រែង អនុវត្ដន៍គម្រោងដោយមន្ទីរអភិវឌ្ឍន៍ជនបទ។ ការងារថែទាំខួបផ្លូវក្រាលគ្រួសក្រហមចំនួនមួយខ្សែនេះ គណៈកម្មការឯកភាពទទួលយកលទ្ធផល នៃការអនុវត្តការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បញ្ចប់សុពលភាពការងារដោយគុណភាព និងសោភ័ណភាព នៅរក្សាគុណភាពលួន។

លោក ទូច ម៉ាឡា បានបន្តថា ផ្លូវមួយខ្សែនេះ ជួយសម្រួលដល់ប្រជាពពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានភាពងាយស្រួល ក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋមកកាន់ទីផ្សារ ជួយសម្រួល ដល់សិស្សានុសិស្ស ធ្វើដំណើរទៅកាន់សាលារៀន សម្រួលដល់ការដឹកជញ្ជូន អ្នកជម្ងឺមកកាន់មណ្ឌលសុខភាព បានទាន់ពេលវេលា ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗនារដូវទឹកឡើង ថែមទាំងបង្កលក្ខណៈងាយស្រួលដល់សេវាកម្មនានា ដូចជា អប់រំ សុខភាព អនាម័យ ព័ត៌មាន សិក្សាធិការ។

គណៈប្រតិភូអន្តរក្រសួង បានស្នើរដល់អាជ្ញាធរមូលដ្ឋានភូមិ-ឃុំ ដែលមាននាទីទទួលបន្ទុកថែទាំបន្ដ ដោយសហការណែនាំឱ្យប្រជាពលរដ្ឋចូលរួមក្នុងការថែទាំផ្លូវ និងលូ ឱ្យបានល្អប្រសើរ ប្រកបដោយគុណភាព ត្រូវមានការយាមកាមយ៉ាងហ្មត់ចត់ ដើម្បីរក្សាគុណភាពផ្លូវ និងល្អអោយបានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវនេះ ជារបស់ពួកគាត់ ព្រមទាំងហាមដឹកជញ្ជូនទំនិញធនធ្ងន់លើសចំនួនកំណត់ដែលធ្វើឲ្យផ្លូវងាយរងគ្រោះផងដែរ។

ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ បានសម្ដែងការសាទរនិងសប្បាយរីករាយ ព្រោះផ្លូវមួយខ្សែនេះ ជាសរសៃឈាមសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ព្រោះកន្លងមកមានការលំបាកធ្វើដំណើរដោយសារផ្លូវនូវការខូចខាតពិបាកធ្វើដំណើរ។ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានអភិវឌ្ឍន៍ផ្លូវដីគ្រួសល្បាយនេះ សម្រាប់ឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ដែលបានបង្ហាញថា រាជរដ្ឋាភិបាលមានការយកចិត្ដទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងមិនថា ទីក្រុងឬជនបទ៕