(ព្រះវិហារ)៖ ដីជាច្រើនហិកតារបស់ប្រជាពលរដ្ឋចំនួន១០គ្រួសារ នៅចំណុចភូមិក្តាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ ដែលបានកាន់កាប់ និងអាស្រ័យផលជាយូរឆ្នាំមកហើយនោះ និងមានបញ្ហាទំនាស់រុាំរ៉ៃជាមួយឈ្មោះ ក្រូច ប៊ុនគីម ជាមន្ត្រីយោធាបម្រើការងារក្នុងអង្គភាពយោធាភូមិភាគទី៤នោះ ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមចំណាត់ការពីលោក គីម រិទ្ធី អភិបាលព្រះវិហារ។

ការឈានដល់ការដោះស្រាយបញ្ចប់ដីទំនាស់ដ៏រាំរ៉ៃនេះ បានធ្វើឡើងក្រោមវត្តមានលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដែលបានដឹកនាំក្រុមការងារ និងអាជ្ញាធរពាក់ព័ន្ធក្នុងស្រុកគូលែន ដោយមានការចូលរួមពីគូរទំនាស់ទាំង២ ដោយផ្អែកតាមចំណាត់ការ និងការណែនាំពីលោកអភិបាលខេត្ត លោកបានធ្វើការសម្របសម្រួល ដោយលើកយកទិដ្ឋភាពជាក់ស្តែង ទិដ្ឋភាពច្បាប់ ពិសេសគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ទើបធ្វើឱ្យគូរទំនាស់ទាំង២ឯកភាពគ្នាឈានដល់ការបញ្ចប់ទំនាស់នេះ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

ប្រជាពលរដ្ឋទាំង១០គ្រួសារ តាមរយៈលោក ណុប វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក គីម រិទ្ធី ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ដោះស្រាយនូវគ្រប់បញ្ហាទាំងអស់របស់ប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានភាពក់ក្តៅ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី៕