(ភ្នំពេញ)៖ ក្រោយសង្កេតឃើញពីស្ថានភាពចរាចរនៅចំណុចរង្វង់មូលគួចកាណុង (ស្ពានជ្រោយចង្វារ) មានការកកស្ទះជារៀងរាល់ថ្ងៃ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចរៀបចំកែសម្រួលប្រព័ន្ធចរាចរ នៅតំបន់ជុំវិញចំណុចរង្វង់មូលគួចកាណុងនេះឡើងវិញ។

នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងទៀតថា ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល និងសមស្របតាមបទដ្ឋានបច្ចេកទេស រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងរៀបចំកែសម្រួលប្រព័ន្ធចរាចរនៅតំបន់ជុំវិញចំណុចរង្វង់មូលគួចកាណុង ដូចខាងក្រោម៖

១៖ ដំឡើងភ្លើងសញ្ញាចរាចរនៅចំណុចប្រសព្វរវាងផ្លូវលេខ៧០ និងមហាវិថីព្រះមុនីវង្ស
២៖ ដាក់ខឿនបែងចែកទ្រូងផ្លូវលើមហាវិថីព្រះមុនីវង្សចាប់ពីច្រមុះជ្រូករង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០
៣៖ រៀបចំផ្លូវឯកទិសលើផ្លូវលេខ៤៧ ទិសដៅឆ្ពោះទៅវត្តភ្នំ ចាប់ពីរង្វង់មូលគួចកាណុង ដល់ផ្លូវលេខ៨០
៤៖ រៀបចំផ្លូវទ្វេទិស មានទិសដៅទៅមក ចាប់ពីផ្លូវលេខ៨០ ដល់រង្វង់មូលវត្តភ្នំ។

គម្រោងខាងលើនេះនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃសុក្រទី០៧ ខែមិថុនា ឆ្នាំ២០២៤ តទៅ អាស្រ័យហេតុនេះសូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលធ្វើចរាចរឆ្លងកាត់ភូមិសាស្ត្រខាងលើ មេត្តាយោគយល់ និងចូលរួមសហការតាមខ្លឹមសារខាងលើនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕