(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មហាសន្និបាត JCI នឹងក្លាយជាវេទិកាដែលជំរុញនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពល្អប្រសើរ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រាប់ពិភពលោកទាំងមូល ក្នុងបរិការណ៍នៃការព្យាយាមសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទប់ស្កាត់ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើក «មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច នៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤» នៅខេត្តសៀមរាប ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មហាសន្និបាតនេះ នឹងក្លាយជា វេទិកាដែលជំរុញនូវកិច្ចសហប្រតិបត្តិការ និងវឌ្ឍនភាពល្អប្រសើរ សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រាប់ពិភពលោកទាំងមូល ក្នុងបរិការណ៍នៃការព្យាយាមសម្រេចឱ្យបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព និងការទប់ស្កាត់ផលប៉ះពាល់ ពីការប្រែប្រួលអាកាសធាតុ។ ប្រធានបទ «Rising Together» ពិតជាស័ក្ដិសម ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតថ្មីៗជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះរដ្ឋបាល ខេត្តសៀមរាប និងជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ស្រស្រាក់ស្រស្រាំ និងការគាំទ្រដ៏ល្អ ដើម្បីចូលរួមចំណែកជាមួយ JCI-កម្ពុជា ក្នុងការរៀបចំ មហាសន្និបាតនេះ ឱ្យប្រកបដោយភាពជោគជ័យ៕