(សៀមរាប)៖ ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI ក្នុងការលើកកម្ពស់ភាពអង់អាច របស់យុវជនដែលបានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីបើក «មហាសន្និបាតប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិច នៃសភាយុវពាណិជ្ជករអន្តរជាតិ ឆ្នាំ២០២៤» នៅខេត្តសៀមរាប ល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

មហាសន្និបាតនេះ រៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណជិត៤ពាន់នាក់ មកពី ២១ប្រទេសក្នុងតំបន់ និង២៣ប្រទេសពីតំបន់នានាផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងថា រាជរដ្ឋាភិបាល សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ JCI ក្នុងការលើកកម្ពស់ភាពអង់អាចរបស់យុវជនដែលបាន ចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍមូលធនមនុស្ស។

សម្តេចធិបតី ក៏សូមថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្តរបស់ JCI និង JCI-កម្ពុជា កន្លងមក ក្នុងការជំរុញឱ្យមានការផ្លាស់ប្ដូរ ដែលផ្តល់ផលវិជ្ជមានល្អប្រសើរដល់ សហគមន៍ សុទ្ធសឹងជាគំនិតផ្តួចផ្តើមដ៏គួរឱ្យស្ញើចសរសើរ ដែលសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ JCI ក្នុងនាមជាដៃគូរបស់រាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍប្រទេស។