(ភ្នំពេញ)៖ លោក គីម សុវណ្ណឌី អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះការលើកកម្ពស់សិទ្ធិកុមារ ដោយបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីធានាដល់ការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់ សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ។ ជាមួយនោះយើងក៏មើលឃើញនូវផលប៉ះពាល់ និងបញ្ហាប្រឈមមួយចំនួនដែលបានកើតឡើងពាក់ព័ន្ធនឹងសកម្មភាពទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។

ការលើកឡើងរបស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារនាពេលនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិនិត្យ និងផ្តល់ធាតុចូលលើការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបចំពោះការកេប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ និងកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួងរៀបចំផែនការជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៤-២០២៨ នៅខេត្តសៀមរាប នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤

លោក គីម សុវណ្ណឌី បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានសហការជាមួយអង្គការដៃគូ ធ្វើការវិភាគស្ថានភាពដំបូង ដើម្បីប៉ាន់ប្រមាណអំពីផលប៉ះពាល់លើការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ក្នុងប្រទេសកម្ពុជា។ ការវិភាគស្ថានភាពដំបូង បានប៉ាន់ប្រមាណឃើញថា ការប្រើប្រាស់ ឬការភ្ជាប់ប្រព័ន្ធអ៊ីនធឺណិត កំពុងតែពង្រីកខ្លួន យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលប្រមាណឆ្នាំចុងក្រោយនេះ ហើយបញ្ហានេះ ត្រូវបានព្យាករណ៍ថា និងបន្តមានទៅពេលអនាគតនៅក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោកក៏បានណែនាំ និងស្នើដល់អង្គប្រជុំទាំងអស់ ចូលរួមជាមតិយោបល់តាមផ្នែកពាក់ព័ន្ធ និងជំនាញរៀងៗខ្លួន ដើម្បីជាធាតុចូលលើផែនការក្រោមទស្សនទាននៃឧត្តមភាព និងឧត្តមប្រយោជន៍របស់កុមារ គឺត្រូវចូលរួមក្នុងការដោះស្រាយបញ្ហាអំពើហិង្សាលើកុមារដោយក្នុងនោះមានដូចជា៖ គោលដៅបញ្ចប់ការរំលោភបំពាន អំពើកេងប្រវ័ញ្ច ការជួញដូរ និងអំពើហិង្សាគ្រប់ទម្រង់ ព្រមទាំងការធ្វើទារុញកម្មកុមារ លុបបំបាត់គ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សាលើស្ត្រី និងកុមារគ្រប់រូបនៅកន្លែងសាធារណៈ និងកន្លែងឯកជន រាប់បញ្ចូលទាំងការជួញដូរ និងការកេងប្រវ័ញ្ចផ្លូវភេទ ព្រមទាំងការកេងប្រវ័ញ្ចក្នុងទម្រង់ដទៃទៀត កាត់បន្ថយគ្រប់ទម្រង់ទាំងអស់នៃអំពើហិង្សា និងអត្រាមរណៈដែលពាក់ព័ន្ធនឹងអំពើហិង្សាក្នុងកម្រិតមួយគួរឱ្យកត់សម្គាល់នៅគ្រប់កន្លែងទាំងអស់ផងដែរ៕