(ក្រចេះ)៖ មន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយនឹងកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះផ្សព្វផ្សាយអប់រំ ណែនាំដល់អាជីវករលក់ត្រី នៅផ្សារផែលើ និងផ្សារក្រចេះ ដោយមិនអនុញ្ញាតឲ្យមានការទិញលក់ដឹកជញ្ជូន និងរក្សាទុកត្រីនៅក្នុងរដូវបិទនេសាទ។

លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលខេត្ត បានឱ្យដឹងថា មន្ត្រីខណ្ឌរដ្ឋបាលជល ផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទសហការជាមួយនឹងកងកម្លាំងសមត្ថកិច្ច ចុះត្រួត ពិនិត្យនិងផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពី រដូវបិទនេសាទ ព្រមទាំងផ្សព្វផ្សាយ និងអប់រំ ណែនាំដល់អាជីវករលក់ត្រីនៅផែលើ និងតាមទីផ្សារក្នុងក្រុងក្រចេះ ពីអនុក្រឹត្យលេខ១២៣ ស្តីពីប្រភេទផលផលិតផលជលផលទឹកសាបចំនួន២៩ ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ ជិតផុតពូជ(កំពុងអភិរក្ស )។

លោកបន្តថា នៅក្នុងការចុះត្រួតពិនិត្យតាមទីតាំងខាងលើនោះក្រុមការងារបានធ្វើការណែនាំដល់អាជីវករលក់ដូរត្រី ដោយមិនអនុញ្ញាតឱ្យមានកាទិញ លក់ ដឹកជញ្ជូននិងរក្សា ទុកឡើយ ពិសេសបច្ចុប្បន្នរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បាននិងកំពុងមានការយកចិត្តទុកដាក់គ្រប់គ្រងការពារ និងអភិរក្សប្រភេទត្រីកម្រទាំងអស់នេះ។

មន្ត្រីជំនាញបានបញ្ជាក់ថា បើអាជីវករមិនបានអនុវត្តតាមការណែនាំនេះ ប្រសិនបើសមត្ថកិច្ចជំនាញ និងអាជ្ញារធររកឃើញនឹងត្រូវទទួលការផ្ដន្ទា ទោសនិងត្រូវពិន័យទៅតាម ច្បាប់ស្តីពីជលផល។

ក្រៅពីការចុះផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករលក់ដូរនៅតាមផ្សារនៅថ្ងៃស្អែកនេះមន្ត្រីជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនិងប្រើទូកម៉ាស៊ីនមេក្រូបន្តចុះផ្សព្វផ្សាយនៅតាមដងទន្លេមេគង្គ ពាក់ព័ន្ធនឹងរដូវបិទនេសាទនេះ ឱ្យប្រជាពលរដ្ឋបានយល់ដឹងជិះវាងការប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ផ្សេងៗ បង្កឲ្យមានផលប៉ះពាល់ដល់ពពួកត្រីដែលកំពុងប្រឈមរងគ្រោះថ្នាក់ជិតផុតពូជ ៕