(ភ្នំពេញ)៖ ការចរចាទ្វេភាគី រវាងសហជីព និងក្រុមនិយោជក រយៈពេល២ថ្ងៃ បានបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ដោយភាគីថៅកែរោងចក្រ បានយល់ព្រមបន្ថែម២.១៧ដុល្លារទៀតទៅលើតួលេខ ១៤៤.២ដុល្លារ របស់ខ្លួនកាលពីមុន ដែលធ្វើឲ្យតួលេខភាគីថៅកែរោងចក្រដល់១៤៦.៣៧ដុល្លារ ចំណែកឯភាគីខាងសហជីព ចុះចិត្តយល់ព្រមចុះតម្លៃ២ដុល្លារវិញ នៃតួលេខ១៧៩.៦០ដុល្លារ ដូច្នេះតម្លៃរបស់សហជីពបានធ្លាក់ចុះមកត្រឹម១៧៧.៥៩ដុល្លារ។
រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករកាត់ដេរសំលៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុន បន្ទាប់ពីមានការ ចរចាដំឡើងប្រាក់ឈ្នួល របស់ភាគីពាក់ព័ន្ធ, ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ ដោយមិនរាប់បញ្ចូលប្រាក់ អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងទៀត បានកើនឡើងពី១២៧ដុល្លារ ដល់១៤០ដុល្លារ ក្នុងមួយខែ៕