(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណ: និងជាអនុគណ:កម្មការជំរុញការប្រើប្រាស់ App Nodrug នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានជួបតំណាងគណ:ដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា ដើម្បីសម្តែងការគួរសម និងពិភាក្សាការងាររៀបចំផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ថ្លែងក្នុងនាមគណ:គ្រប់គ្រង App Nodrug លោកឧត្តមសេនីយ៍ឯក លឹម តុងហួត បានជម្រាបជូនពីអត្ថប្រយោជន៍នៃ App Nodrug ដែលបានផ្តល់នូវចំណេះដឹងព័ត៌មានកំសាន្ត អប់រំ សេវាព្យាបាល និងមុខងារសំខាន់មួយទៀតគឺប្រជាពលរដ្ឋមានឧបករណ៍សម្រាប់រាយការណ៍ស្វែងរកអន្តរាគមន៍ដោះស្រាយនូវកង្វល់របស់ខ្លួន ពីបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍មូលដ្ឋាន។

លោក យ៉ប់ អាស្ការី បានថ្លែងស្វាគមន៍ដល់គំនិតផ្តួចផ្តើមផ្សព្វផ្សាយជំរុញកម្មវិធីទូរស័ព្ទដៃ App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដល់សាសនិកអ៉ីស្លាម ដែលមកចូលរួមក្នុងពិធីសូត្រលើកទី៣១ និងការសូត្រចាំមាត់លើកទី៥ គម្ពីរអាល់គួរអានុលការីម ថ្នាក់ជាតិឆ្នាំ២០២៤ រៀបចំដោយគណ:ដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ីស្លាមកម្ពុជា នៅបរិវេណវិហារធំនៅគីឡូម៉ែត្រលេខ៩ ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ៕