(ភ្នំពេញ)៖ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញទទួលកុំព្យូទ័រ ចំនួន ១៣៦គ្រឿង និងម៉ាស៊ីនព្រីន ចំនួន ១៣៦គ្រឿង ពីតំណាងសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធចុងក្រោយ។ ពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅមណ្ឌលសុខភាពគោករកា ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នាឱកាសនោះ លោក ងី មានហេង បានជំរុញឱ្យមន្ត្រីនៅតាមមណ្ឌលសុខភាព ត្រូវផ្តល់បម្រើសេវាជូនប្រជាពលរដ្ឋអោយបានល្អ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ក្នុងការប្រើកុំព្យូទ័រនេះ ។

លោកប្រធានបញ្ជាក់ថា កុំព្យូទ័រនេះ យើងប្រើប្រាស់ ជាប្រយោជន៍ រួមមាន ៖

១៖ រក្សាទុកទិន្នន័យអ្នកជំងឺ
២៖ កត់សំបុត្រកំណើតកូន
៣៖ Digital Health Management
៤៖ Telecommunications ។

នាឱកាសនោះ លោក ងី មានហេង តាមនាមក្រុមប្រឹក្សារាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញ បាបថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកប្រធានសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធចុងក្រោយ (The Association of the Church of Jesus Christ of Latter-Day Saints) ដែលបានឧបត្ថម្ភកុំព្យូទ័រចំនួន ១៣៦គ្រឿង និងម៉ាស៊ីនព្រីនចំនួន ១៣៦គ្រឿង ជូនមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្តល់ជូនមណ្ឌលសុខភាពទាំង ៤៦ទីតាំង សម្រាប់បម្រើការងារទូទៅប្រចាំថ្ងៃរបស់ខ្លួន។

ទឹកចិត្តដ៏សប្បុរសថ្លៃថ្លានេះ ស្តែងឱ្យឃើញអំពីការគិតគូរ ការឧបត្ថម្ភគាំទ្រ និងការលើកទឹកចិត្ត ដល់បងប្អូនមន្ត្រីរាជការ និងបុគ្គលិកសុខាភិបាល ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ក្នុងបុព្វហេតុបម្រើ សេវាសុខាភិបាលសាធារណៈជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ឱ្យបានកាន់តែល្អប្រសើរថែមទៀត។

គួរបញ្ជាក់ថា ក្នុងពិធីនេះ ប្រគល់-ទទួលកុំព្យូទ័រ និងព្រីនធ័រ ចំនួន១៣៦គ្រឿង លោក ងី មានហេង ក៏បានចែកបន្តតាមមណ្ឌលសុខភាព ចំនួន៤៦មណ្ឌល នៅទូទាំងរាជធានី ដោយក្នុងមួយមណ្ឌល ទទួលបានកុំព្យូទ័រ-ព្រីនធ័រ ចំនួន ៣ឈុត សម្រាប់យកទៅបំពេញការងារ ក្នុងការកត់ត្រានូវស្ថិតិប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានទាន់ពេលវេលា៕