(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ លោក អេង ទូច រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ បានអញ្ជើញជាតំណាងលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងពិធីបើកកម្មវិធី «បរិច្ចាគឈាម សង្គ្រោះជីវិត» នៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលត្រូវបានសហការរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជាបម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីចូលរួមអបអរសាទរទិវាអ្នកបរិច្ចាគឈាមពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ខាងមុខនេះ។

ក្នុងឱកាសនោះ លោក អេង ទូច បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការថ្លែងអំណរគុណរបស់ លោក វង្សី វិស្សុត ជូនដល់ សហភាពសហព័ន្ធយុវជនកម្ពុជា បម្រើការនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមការងារនៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាពិសេសលោកវេជ្ជបណ្ឌិត សុខ ប៉ូ និងក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបានសហការរៀបចំកម្មវិធីដ៏សំខាន់នេះឡើង ដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងសកម្មភាពសង្គមរបស់ទីស្តីការគណៈរដ្ឋមន្ត្រី និងបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ដែលបានបង្ហាញនូវសន្តានចិត្តសប្បុរស និងស្មារតីលះបង់ខ្ពស់ក្នុងការចូលរួមជួយសង្គ្រោះជីវិតមនុស្ស។

លោក អេង ទូច បានលើកឡើងថា ក្នុងខណៈដែលពិភពលោកកំពុងជួបប្រឈមនឹងបញ្ហា ជំងឺឆ្លង សង្គ្រាម អស្ថិរភាពភូមិសាស្ត្រនយោបាយ ឈាមបានក្លាយជាធនធានដ៏មានតម្លៃមហិមាមួយ ដែលអាចជួយសង្គ្រោះជីវិតមនុស្ស ហើយឈាមក៏មិនអាចត្រូវបានផលិតនៅតាមរោងចក្រ ឬ តាមរយៈសកម្មភាពផលិតកម្មណាមួយឡើយ គឺពឹងផ្អែកទាំងស្រុងលើសណ្តានចិត្តសប្បុរសធម៌របស់ប្រជាជនទាំងអស់គ្នា។

លោក អេង ទូច បានបង្ហាញនូវទស្សនៈមួយផងដែរថា ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍមួយ ដែលមានមហិច្ឆតាប្រែក្លាយខ្លួនជាប្រទេសដែលមានចំណូលខ្ពស់ និងជឿនលឿនមួយ ការជួយសង្គ្រោះជីវិតរបស់ប្រជាជនកម្ពុជា គឺជាកត្តាមួយយ៉ាងសំខាន់ ព្រោះថារាល់ជីវិតរបស់កូនខ្មែរមួយរូបដែលត្រូវបានសង្គ្រោះ គឺជាការបង្កើតលទ្ធភាពឱ្យកូនខ្មែរមួយរូបនោះ ដែលអាចមានទេពកោសល្យខ្ពស់ និងមានមនសិការស្នេហាជាតិខ្ពស់ អាចបន្តរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិបាន។

ហេតុដូច្នេះ លោក អេង ទូច បានចាត់ទុកការរៀបចំកម្មវិធីបែបនេះឡើងជាកិច្ចការសំខាន់ សម្រាប់ការចូលរួមចំណែកការចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ក៏ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមាន «មនុស្ស» ជាអាទិភាពខ្ពស់បំផុត និងបានលើកទឹកចិត្តឱ្យ ថ្នាក់ដឹកនាំ និងមន្ត្រីនៃទីស្តីការគណៈរដ្ឋមន្ត្រីចូលរួមជាប្រចាំក្នុងការលើកកម្ពស់ការបរិច្ចាគឈាមតាមរយៈការបរិច្ចាគឈាមដោយផ្ទាល់ ឬតាមរយៈការចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីការបរិច្ចាគឈាម ដើម្បីឱ្យបងប្អូនយើងដទៃទៀតបានចូលរួមផងដែរ។

កម្មវិធីបរិច្ចាគឈាមនេះប្រព្រឹត្តទៅដោយជោគជ័យ ដោយមានអ្នកស្ម័គ្រចិត្តបរិច្ចាគឈាមរហូតដល់ទៅប្រមាណ ១៤០រូប ដែលក្នុងនោះអ្នកដែលអាចបរិច្ចាគឈាមបានមានចំនួនប្រមាណ ១១០រូប៕