(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ញើលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុត ជូនលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងឱកាសក្នុងពិធីជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង, លោកគ្រូអ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា របស់មូលនិធិគន្ធបុប្ផាកម្ពុជា កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

លិខិតរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះការចំណាយពេលដ៏មានតម្លៃ និងមមាញឹករបស់លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក្នុងការអញ្ជើញចូលរួមកម្មវិធីគាំទ្របន្ថែមដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៤ ដែលមានឈ្មោះថា «វនយាត្រាអង្គរ» ក្នុងបរិវេណខាងក្រោយនៃប្រាសាទអង្គរវត្ត និងសួនរុក្ខជាតិអង្គរ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឱ្យអ្នកចូលរួមយល់ដឹងអំពីទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ តាមរយៈការស្វែងយល់ពីសារៈសំខាន់នៃព្រៃឈើលើជីវិត និងសុខភាពរបស់មនុស្ស ក៏ដូចជាដើម្បីលើកកម្ពស់ការស្វែងយល់ និងផ្សព្វផ្សាយអំពីវប្បធម៌ និងប្រវត្តិសាស្ត្រពាក់ព័ន្ធនឹងអង្គរវត្ត និងការទាក់ទាញទេសចរមកកាន់ខេត្តសៀមរាប ស្របតាមយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» របស់រាជរដ្ឋាភិបាលកម្ពុជា។

វត្តមានដ៏ថ្លៃថ្លានេះ ជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការគាំទ្រ លើកទឹកចិត្ត និងយកចិត្តទុកដាក់ខ្ពស់របស់ លោកជំទាវបណ្ឌិតប្រធានកិត្តិយស ក្នុងការលើកកម្ពស់សុខុមាលភាពទារក និងកុមារ ដែលជាទំពាំងស្នងឬស្សីរបស់ជាតិមាតុភូមិយើង។

ជាមួយគ្នានេះ, ខ្ញុំសូមឆ្លៀតឱកាសគោរពរាយការណ៍ជូន លោកជំទាវបណ្ឌិតប្រធានកិត្តិយស មេត្តា ជ្រាបដ៏ខ្ពង់ខ្ពស់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នេះ, សប្បុរសជនទាំងជារូបវន្តបុគ្គល និងនីតិបុគ្គល យ៉ាងច្រើនកុះករ និងជាបន្តបន្ទាប់សរុបចំនួន ១០១ ៣៤៥ នាក់ បានចូលរួមបរិច្ចាគក្នុងយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់នេះ ដោយទទួលបានថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារចំនួនប្រមាណ ១ ១៧២ ៩៩៣ (មួយលាន មួយរយចិតសិបពីរពាន់ ប្រាំបួនរយកៅសិបបី) ដុល្លារអាម៉េរិក។ មូលនិធិគន្ធបុប្ផាកម្ពុជា នឹងគោរពរាយការណ៍លម្អិតជូន សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិតប្រធានកិត្តិយស អំពីលទ្ធផលនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា នៅដំណាច់ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។

ជាថ្មីម្ដងទៀត, តាងនាមឱ្យគណៈគ្រប់គ្រង និងក្រុមការងារមូលនិធិគន្ធបុប្ផាកម្ពុជា, គណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូពេទ្យ ព្រមទាំងបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប និងក្នុងនាមខ្ញុំផ្ទាល់, ខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោកជំទាវបណ្ឌិតប្រធានកិត្តិយស និងសូមឧទ្ទិសបួងសួងដល់បារមីវត្ថុស័ក្ដិសិទ្ធិក្នុងលោក សូមជួយបីបាច់ថែរក្សា លោកជំទាវបណ្ឌិតប្រធានកិត្តិយស និងក្រុមគ្រួសារ សូមបានប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕