(កំពង់ស្ពឺ)៖ មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃប្រទេសកូរ៉េ លោក គីម ជុងណាម (Kim jung-nam) បានសន្យាផ្តល់គ្រឿងបរិក្ខាពេទ្យ និងបំពេញបន្ថែមលើសំណង់អាគារ៥ជាន់ ដែលសាងសង់មិនទាន់រួចរាល់ ដោយសប្បុរសជនមានតំលៃប្រមាណ៧០ម៉ឺនដុល្លារ។

ការសន្យានេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចស្វែងយល់នៅសាលាខេត្តកំពង់ស្ពឺ ដែលមានការអញ្ជើញចូលរួមពីសំណាក់ប្រធានគណកម្មការទី១០ នៃព្រឹទ្ធសភា លោក ម៉ម ប៊ុននាង និង លោក សរ សុពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ ប្រធានមន្ទីរសុខាភិបាល មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវសម្បទា មន្ទីរអប់រំ យុវជន និងកីឡា។

នៅក្នុងជំនួបទស្សនកិច្ចនេះ លោក សរ សុពុត្រា បានលើកឡើងថា ខេត្តកំពង់ស្ពឺបានទទួលសមិទ្ធិផលយ៉ាងច្រើន ហើយបានប្រែក្លាយខេត្តមួយនេះពីខេត្តប្រឈមមុខដាក់គ្នាដោយចុងអាវុធ មកជាខេត្តប្រកបដោយសក្តានុពល ជាតំបន់សេដ្ឋកិច្ច ជាតំបន់សេដ្ឋកិច្ចដែលមានរោងចក្រសហគ្រាសធំៗជាច្រើន ហើយអ្នកវិនិយោគផ្សេងទៀតបាន និងកំពុងបន្តបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ ដែលការវិនិយោគនេះក៏បានធ្វើឱ្យជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តមានការរីកចម្រើនធូរធារតាមរយៈការងារ។ តែទន្ទឹមនិងមានការរីកចម្រើន ធូរធារ ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួន ក៏បានជួបនូវបញ្ហាជាច្រើន រួមមាន៖ បញ្ហាសុខភាព ការអប់រំ ក្មេងកំព្រា និងចាស់ជរាគ្មានទីពឹង។

អភិបារងខេត្តកំពង់ស្ពឺ បានស្នើសុំឱ្យមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ជួយឧបត្ថម្ភនូវបរិក្ខាពេទ្យសម្រាប់បំពេញបន្ថែមនៅតាមមណ្ឌលសុខភាព ទ្រទ្រង់ និងកែសម្រួលអនុវិទ្យាល័យពីរកន្លែង ក្នុងស្រុកបសេដ្ឋ និងស្រុកថ្ពង ឱ្យក្លាយទៅជាវិទ្យាល័យ ដើម្បីសម្រួលដល់ការសិក្សា និងកាត់បន្ថយអត្រាបោះបង់ការសិក្សាដោយសារតែឆ្ងាយពីផ្ទះ។

ជាមួយគ្នានេះ ក៏សុំឱ្យមានការជួយបណ្តុះបណ្តាលមុខជំនាញដល់ស្ត្រី ដើម្បីឱ្យមានវិជ្ជាជីវៈផលិតសម្រាប់នាំចេញទៅប្រទេសកូរ៉េ និងបណ្តាប្រទេសមួយចំនួន ហើយសុំជួយទ្រទ្រង់ដល់កុមារកំព្រានៅក្នុងមណ្ឌលកំពង់ស្ពឺផងដែរ។

ជាមួយគ្នានេះ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា បានសុំឱ្យបង្កើតរោងចក្រផលិតតែម្រុំនៅកម្ពុជា (កំពង់ស្ពឺ) ដើម្បីនាំចេញ ដើម្បីបំផុសដល់ប្រជាកសិករ ពិសេសពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ឱ្យបង្កើនការដាំដុះម្រុំសម្រាប់ផ្គត់ផ្គង់ជាវត្ថុធាតុដើមដល់ការផលិតនេះ។

ទន្ទឹមនេះក៏សុំដល់សាធារណរដ្ឋកូរ៉េជួយផ្តល់ក្រុមគ្រូពេទ្យជំនាញ មកបណ្តុះបណ្តាលឯកទេសជំនាញដល់មន្ត្រីសុខាភិបាល នៃខេត្តនេះឱ្យមានកម្រឹតយល់ដឹង និងជំនាញកាន់តែច្បាស់លាស់បន្ថែមទៀត និងជួយព្យាបាលជំងឺដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដាច់ស្រយាល។

ឆ្លើយតប និងការស្នើរសុំលោក Kim jungnam ប្រធានមូនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េក៏បានសន្យាផ្តល់ជំនួយបំពេញបន្ថែម នូវបរិក្ខាពេទ្យនាពេលខាងមុខនូវចំណុចខ្វះខាត។

បរិក្ខាដែលនឹងផ្តល់ជូននោះ គឺជាបរិក្ខាដែលមានតំលៃថ្លៃ និងឈានមុខគេនៅកម្ពុជា ដែលអាចនិយាយបានដូច និងមន្ទីររុស៊ី ប៉ុន្តែត្រូវចំណាយពេលក្នុងតំឡើង និងត្រូវមានពេទ្យជំនាញក្នុងការគ្រប់គ្រង។ ចំពោះការបណ្តុះបណ្តាលពេទ្យឱ្យមានសមត្ថភាពកូរ៉េ និងត្រូវសិក្សាពីកម្រិត នៃការយល់ដឹងរបស់មន្ត្រីពេទ្យខេត្តជាមុនសិន ទាក់ទង និងបរិក្ខាទំនើប ត្រូវសិក្សាបន្ថែមផងដែរថា ត្រូវចាប់ផ្តើមពីណាមកមុន៕