(កំពង់ធំ)៖ ទោះបីជាមានសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងទូទាំងខេត្តមានលក្ខណៈស្ងប់ស្ងាត់យ៉ាងណាក្ដី លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ សភាពការណ៍ថ្មីៗដល់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំស្នងការរដ្ឋាននគរបាលខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ ម៉ែន លី បានណែនាំឱ្យថ្នាក់ដឹកនាំតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវបន្តធ្វើគំរូល្អ ដល់កងកម្លាំងក្រោមឱវាទ ដោយស្មាតីសាមគ្គីភាព ឯកភាពផ្ទៃក្នុងសម្រាប់ការគ្រប់គ្រង ដឹកនាំកងកម្លាំងបំពេញភារកិច្ច ជាប្រចាំថ្ងៃ។

លោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ផែនការយ៉ាងតឹងរឹងបំផុត ដល់កងកម្លាំងលើការងារមានដូចតទៅ៖

*បង្កើនសកម្មភាពចុះផ្សព្វផ្សាយតាមមូលដ្ឋានតំបន់ងាយរងគ្រោះ ដោយសហការជាមួយ អង្គភាព ស្ថាប័ន ក្រុមហ៊ុនសហគ្រាស មជ្ឈមណ្ឌល គ្រឹះស្ថានអាជ្ញាធរមូលដ្ឋាន អាណាព្យាបាលយល់ដឹង អំពីសកម្មភាពគ្រោះថ្នាក់ នៃក្មេងទំនើង និងបំផុតស្មារតីចូលរួមសហការល្អ ជាមួយកងកម្លាំងអាជ្ញាធរមានសមត្ថកិច្ច ប្រើប្រាស់វិធានការរដ្ឋបាល ធ្វើបច្ចុប្បន្នភាព គ្រប់គ្រងមុខសញ្ញាក្មេងទំនើង និងតាមដានសកម្មភាពក្មេងទំនើង ក្នុងមូលដ្ឋានកសាងសំណុំរឿងតាមនីតិវិធី។

លោកបញ្ជាក់ទៀតថា ត្រូវប្រើប្រាស់កម្លាំងសរុប សម្ភារសរុប បង្កើនប្រសិទ្ធភាពការងារ ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ (សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ) តាមរយៈប្រជុំដកបទពិសោធន៍ ត្រួតពិនិត្យលើការអនុវត្ត តួនាទី ភារកិច្ច រយៈពេលកន្លងមក លើកទិសដៅការងារសម្រាប់អនុវត្តបន្ត ដើម្បីសម្រេចបានជោគជ័យ ស្របតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ។ ជាមួយគ្នានោះដែរ ត្រូវបើកយុទ្ធនាការ បញ្ចុះក្រុមការងារ ថតអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋ ដែលគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ, អត្តសញ្ញាណប័ណ្ណហួសសុពលភាព របើកឬខូច។

បន្ថែមលើកិច្ចការងារខាងលើ លោកស្នងការ បានលើកឡើងពាក់ព័ន្ធនឹងការងារប្រឆាំងគ្រឿងញៀន រួមគ្នាគិត រួមអនុវត្ត ប្រកបដោយស្មារតី លះបង់ពុះពារ ព្យាយាម ឆន្ទ: សំដៅធ្វើយ៉ាងណា បង្ការ ទប់ស្កាត់ បទល្មើសគ្រឿងញៀនឱ្យមានការថយចុះ ជាបន្តបន្ទាប់ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានផ្ដាំផ្ញើលោកអធិការនគរបាលក្រុងស្រុក ត្រូវបង្កលក្ខណៈងាយស្រួលដល់ក្រុមការងារគ្រូបង្គោល បណ្តុះបណ្តាល ស្ដីពីក្រមសីលធម៌ វិជ្ជាជីវៈនគរបាលតួនាទី និងសិទ្ធិរបស់ប្រជាការពារ ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល តាមសេចក្តីណែនាំ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ៕