(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោយពីធ្វើការសាកសួរអស់មួយព្រឹកធំរួចមក ព្រះរាជអាជ្ញារងខាំ សុផារី ដែលជាអ្នកកាន់សំណុំរឿង និងសាកសួរជនសង្ស័យរឿងក្ដីឆបោក ប្រាក់ជាង៧លានដុល្លារពាក់ព័ន្ធក្នុងជំនួញឈើប្រណីតនាំចេញ ទៅក្រៅប្រទេសនោះ បានសំរេចធ្វើការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន តាមមាត្រ២៣១ នៃច្បាប់
ស្ដីពីឧបករណ៏អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ដើម្បីធ្វើការសើុបអង្កេតករណីឆបោកប្រាក់ជាង៧លានដុល្លារ រួចហើយ បញ្ជូនទៅអោយចៅក្រមសើុបសួរបន្ត នេះបើយោងតាមការបង្ហើបពីមន្ត្រីតុលាការមួយរូប ខណៈលោកព្រះរាជអាជ្ញារងខាំ សុផារី មិនអាចធ្វើការសាកសួរព័ត៌មានបាន។
ជនសង្ស័យក្នុងករណីឆបោកលុយជិត៧លានដុល្លារ ដោយជំហ៊ានដំបូងគេដឹងថា ករណីនេះផ្ដើមចេញពីរឿងជំនួញឈើប្រណីតនាំចេញទៅក្រៅប្រទេស ដោយមានជនជាតិចិន ឲ្យលុយមកជនសង្ស័យប្រមូលទិញឈើប្រណីតនាំចេញយកទៅអោយខ្លួន តែជនសង្ស័យមិនបានបញ្ជូនឈើ ទៅអោយដូចការព្រមព្រៀងនោះទេ។
ជនសង្ស័យក្នុងរឿងឆបោកលុយដ៏ច្រើនសន្ធឹកសន្ធាប់នេះត្រូវបានគេស្គាល់ឈ្មោះ អឿ អឿន មានមុខរបរជាអ្នករកស៊ី។ ចំណែកភាគីដើមបណ្ដឹងមានឈ្មោះ Shao Jianfen ជាជនជាតិចិន ហើយទឹកលុយដែលភាគីម្ចាស់បណ្ដឹងអះអាងថា បានប្រគល់ទៅឲ្យឈ្មោះ អឿ អឿន យកទៅប្រមូលទិញឈើធ្នង់នាំចេញយកទៅ ឲ្យខ្លួននោះ មានចំនួន៦,២០០,០០០ដុល្លារ ដោយបូករួមទាំងការអះអាងពីបុរសពីរនាក់ទៀតដែលរួមមានឈ្មោះ ស្រៀង ម៉េង និងឈ្មោះវ៉ាន់ សំណាង បានបញ្ជាក់ថាឈ្មោះ អឿ អឿន នេះបានទិញឈើធ្នង់របស់ខ្លួន (ក្រុមហ៊ុនទ្រី ភាព) មានទឹកប្រាក់ចំនួន១លានដុល្លារ តែមិនទាន់បានសងលុយនោះទេ ដូចនេះទឹកប្រាក់ក្នុងសំណុំរឿងឆបោកនេះមានរហូតដល់ទៅ៧,២០០,០០០ដុល្លារឯណោះ។
តាមសេចក្ដីរាយការណ៏បានឲ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ ជនជាតិចិនខាងលើនេះបានព្រមព្រៀងប្រគល់លុយឲ្យទៅឈ្មោះ អឿ អឿន ចំនួន៦,២០០,០០០ដុល្លារ ដើម្បីប្រមូលទិញឈើធ្នង់នៅក្នុងប្រទេសកម្ពុជានាំចេញយកទៅឲ្យខ្លួនដោយក្នុង១ខែត្រូវប្រគល់ឈើឲ្យ៤០កុងតឺន័រ តែឈ្មោះ អឿ អឿន គ្មានឈើស្របច្បាប់ប្រគល់ឲ្យនោះទេ ក្រោយមកដោយសារតែគ្មាន
ឈើ ជនជាតិចិន ក៏បានទារលុយវិញ តែឈ្មោះ អឿ អឿនចេះតែពន្យារពេល ហើយចុងក្រោយ បានចេញសែកមានទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារទៅឲ្យជនជាតិចិនដោយបើកប្រាក់នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ តែពេលយកសែកទៅបើកនៅ ធនាគារ គេថាសែកនេះមិនមានសាច់ប្រាក់នោះទេ។ ក្រោយមកទៀតឈ្មោះ អឿ អឿន បានឲ្យឈ្មោះ ស្រៀង ម៉េង និងឈ្មោះ វ៉ាន់ សំណាង ប្រមូលទិញឈើពីក្រុមហ៊ុនទ្រី ភាព ឲ្យខ្លួន ហើយអ្នកទាំងពីរក៏បានប្រគល់ឈើដែលមានតំលៃទឹកប្រាក់១លានដុល្លារ ទៅអោយឈ្មោះ អឿ អឿន តែឈ្មោះនេះក៏មិនបានបង្វិលសាច់ប្រាក់ អោយនោះដែរ បើសរុបចំនួនលុយមានរហូតដល់ទៅ ៧,២០០,០០០ដុល្លារឯណោះ។
ដោយឡែកឈ្មោះ អឿ អឿន បានអះអាងថា ខ្លួនពិតជាបានចុះកិច្ចព្រមព្រៀងប្រមូលទិញឈើឲ្យទៅជនជាតិចិនក្នុងទឹកប្រាក់៦,២០០,០០០ដុល្លារពិតមែនដោយមួយខែត្រូវប្រគល់ឈើអោយ៤០កុងតឺន័រ តែខ្លួនពិតជាគ្មានឈើប្រគល់អោយមែន ហើយលុយ៦,២០០,០០០ដុល្លារនោះក៏ខ្លួនមិនបានទទួលដែរ។ ចំណែកការចេញសែក ខ្លួនពិតជាបានចេញសែកគ្មានសាច់ប្រាក់ឲ្យទៅជនជាតិចិននោះ ពិតប្រាកដមែន។ ដោយឡែករឿងលុយ១លានដុល្លាររបស់ឈ្មោះ ស្រៀង ម៉េង និងឈ្មោះវ៉ាន់ សំណាង វាគ្រាន់តែជាលុយកំរៃជើងសារថ្លៃទិញឈើ ដោយមានឯកសារត្រឹមតែឈ្មោះ ស្រៀង ម៉េង និងវ៉ាន់ សំណាងប៉ុណ្ណោះ មិនមានឯកសារនៅក្រុមហ៊ុន ទ្រី ភាព សំរាប់ធ្វើការផ្ទៀងផ្ទាត់នោះទេ៕