(ក្រចេះ)៖ លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាភាពជាដៃគូរវាងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ និងវិស័យឯកជននានានៅក្នុងខេត្តក្រចេះ នៅសាមមហោស្រព ខេត្ត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

ពិធីនោះមានការអញ្ជើញចូលរួមពីលោក ខ្លី អ៊ុល អ្នកសម្របសម្រួលអង្កការស្វីសខន់ថាក់ គម្រោងទី១ លោក លោកស្រីតំណាងនាយកដ្ឋានទាំង៤របស់នាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, លោក មួន វលក្ខណ៍ តំណាងទីភ្នាក់ងារជាតិមុខរបរ និងការងារ, លោក ជា ចាន់ថន តំណាងដៃគូរអភិវឌ្ឍន៍របស់គម្រោងការគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារ និងពាណិជ្ជូបនីយកម្ម កសិកម្ម លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តលោកលោកស្រី អភិបាល អភិបាល រងក្រុងស្រុក។

លោក ខ្លី អ៊ុល បានថ្លែងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០១ ក្រោមគម្រោងឥណទានឥតសំណងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមប្រកាសលេខ៤២១ របស់ក្រសួងអប់រំ យុវជន និងកីឡា មានឈ្មោះថា «មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិទ្យាជីវៈខេត្តក្រចេះ»

នៅឆ្នាំ២០០៥ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្រចេះ បានកាត់ចេញពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានកម្រិតបណ្ដុះបណ្ដាលជំនាញ មូលដ្ឋានត្រឹមសញ្ញាបត្រសំដៅទៅលើជនក្រីក្រជនពិការ ស្ត្រីមេម៉ាយ និងពណ៌រំសាយរហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលខេត្តក្រចេះ ត្រូវបានដំឡើងកម្រិតបណ្ដុះបណ្ដាលពីកម្រិតវិញ្ញាបនបត្រ វិជ្ជាជីវៈទៅកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ២ ៣ និងសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសឯកទេសតាមរយៈប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

នៅឆ្នាំ២០២៣ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តក្រចេះ បានប្រែក្លាយជាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសានតាមអនុក្រឹត្យ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។

នៅក្នុងដំណាក់កាល៥ឆ្នាំចុងក្រោយ វិទ្យាស្ថានបានសហការជាមួយអង្គការស្វីសខន់ថាក់ គម្រោងសម្បត្តិ និងជំនាញបន្ថែមធ្វើការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈសរុប ៤៤៩៨នាក់/១៥៦០នាក់
ក្នុងនោះគម្រោងសម្បត្តិចំនួន៨៩នាក់ /៤៦នាក់ជំនាញបន្ថែមស្ទែមចំនួន ៦០នាក់/៣៩នាក់ ដំណាក់កាលទី១ និងដំណាក់កាលទី២ កំពុងបន្តរវិទ្យាស្ថានបានសហការជាមួយក្រុមហ៊ុនសហគ្រាសក្នុងខេត្តបានចំនួន១០៣ដៃគូ។

លោក ភឹម ភីរ៉ា អភិបាលរងខេត្តក្រចេះ បានលើកឡើងថា វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសជំនាញវិជ្ជាជីវៈ ជាមួយវិស័យឯកជនទាំងក្នុង និងក្រៅខេត្តបានចូលរួមរួមចំណែកយ៉ាងធំធេងសហការរួមគ្នា ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សក្នុងខេត្តក្រចេះ និងជួយអភិវឌ្ឍប្រទេសជាតិឲ្យឈានទៅមុខក្នុងការអភិវឌ្ឍន៍។

លោកអភិបាលរងខេត្ត បានថ្លែងថា នេះបើយោងតាមរបាយការណ៍របស់នាយកវិទ្យាស្ថានឃើញថា តួអង្គទាំងពីរ គឺជាធាតុចូលដ៏សំខាន់បំផុតសម្រាប់វិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្គត់ផ្គង់កម្លាំងពលកម្ម ដែលបានទទួលការបណ្ដុះ បណ្ដាលជំនាញបច្ចេកទេសសហគ្រិន ភាពយេនឌ័រ ជំនាញទុន និងជំនាញផ្សេងៗទៀត ពីវិទ្យាស្ថានទៅដល់យុវជនដទៃផ្សេងទៀត មុនពេលដែលពួកគេឈានចូលទីផ្សារការងារ ដើម្បីយើងអាចបានផ្ដល់ជូននូវយុវជន យុវតី មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ល្អប្រសើរ សម្រាប់យកទៅអនុវត្តការងារតាមក្រុមហ៊ុន សហគ្រាសឯកជន និងការប្រកបរបរការងារផ្សេងៗទទួលបានលទ្ធផលខ្ពស់ និងមានឥរិយាបទល្អក្នុងការបំពេញការងារប្រចាំថ្ងៃ។

លោកថា ក្រុមហ៊ុនសហគ្រាសឯកជនពិតជាដើរតួទីនាទីយ៉ាងសំខាន់ក្នុងសកម្មភាពជំរុញសេដ្ឋកិច្ចគ្រួសារសង្គមឲ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសសម្រាប់យុវជននៅក្នុងខេត្ត ហើយវិស័យការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ គឺជាវិស័យមួយដែលបានយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា វិស័យនេះបានជំរុញឲ្យមានការអភិវឌ្ឍន៍ផ្នែកវិស័យឯកជន និងបានចូលរួមចំណែកធ្វើឲ្យមាន ការកើនឡើងនៃកំណើនសេដ្ឋកិច្ចជាតិតាមរយៈកម្លាំងពលកម្ម មានជំនាញ និងការីសហគ្រាសសិប្បកម្ម ភោជនីយ ដ្ឋានសណ្ឋាគារក្រុមហ៊ុនឯកជនមួយចំនួននៅក្នុងខេត្តក្រចេះ។

លោកថា ការរីកចម្រើនវិស័យឯកជនទាំងនេះវាអាស្រ័យទៅ លើដោយមានកម្លាំងពលកម្មមានធនធានមនុស្សប្រកបដោយចំណេះដឹង និងជំនាញពិតប្រាកដនៅកិច្ចដំណើរការរបស់សហគ្រាសឲ្យមានសកម្មភាពរស់រវើក ជានិរន្តប្រកបដោយជីរភាព។

លោកអភិបាលរងខេត្ត បានកោតសរសើរដោយស្មោះចំពោះអង្កការស្វីសខន់ថាក់ ដែលបានជួយគាំទ្រជាប្រភពថវិកាសម្ភារបរិក្ខាសិក្សាបច្ចេកទេសដល់វិទ្យាស្ថាន និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំមន្ទីរការងារ មនុស្សបណ្ដាលវិជ្ជាជីវៈ និងវិទ្យាស្ថានបុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានខិតខំបំពេញការងាររបស់ខ្លួន អស់ពីកម្លាំងកាយចិត្តនិងមានស្មារតីទទួលខុសត្រូវក្នុងការចូលរួមចំណែកបណ្ដុះបណ្ដាល និងការអភិវឌ្ឍធនធានមនុស្សប្រកប ដោយប្រសិទ្ធភាព និងគុណភាព៕