(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌ ដែលរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ (ILO) និងសមាជិកនៃសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា(អាក្រា)។

នាឱកាសនោះដែរ លោក ហេង សួរ បានជំរុញឱ្យទីភ្នាក់ងារជ្រើសរើសឯកជននៅកម្ពុជា ឱ្យគោរពនូវក្រមសីលធម៌ និងអនុលោមភាពបន្ថែមទៀត ដែលរាជរដ្ឋាភិបាល បានដាក់ចេញដើម្បីឱ្យការជ្រើសរើសពលករបម្រើការងារនៅក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពដែលផ្តល់ផលប្រយោជន៍ ជូនប្រជាពលរដ្ឋកម្ពុជា កាន់តែច្រើនបន្ថែមទៀត។ លោករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរដល់ទេសន្តរប្រវេសន៍ករ ធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាព ទទួលបានកិច្ចគាំពារពីរដ្ឋាភិបាល និងទទួលបានអត្ថប្រយោជន៍ជាអតិបរមា ដើម្បីលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរជាលំដាប់។

ក្រៅតែគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងយន្តការគាំពាររបស់រាជរដ្ឋាភិបាល លោករដ្ឋមន្ត្រី ហេង សួរ ក៏បានរំលឹកអង្គសិក្ខាសាលាថា ការធ្វើទេសន្តរប្រវេសន៍មួយដែលជោគជ័យ គឺត្រូវការភាគីប្រាំរីករាយនិងសប្បាយចិត្តដែលរួមមានភាគីរដ្ឋាភិបាលនៃប្រទេសបញ្ជូន រដ្ឋាភិបាលនៃប្រទេសទទួល ក្រុមហ៊ុនជ្រើសរើសពលករនៃប្រទេសបញ្ជូន និងក្រុមហ៊ុនឯកជននៃប្រទេសទទួល រួមទាំងទេសន្តរប្រវេសន៍ករ។

គួររំលឹកថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការពង្រឹងទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ក្នុងការជ្រើសរើសពលករប្រកបដោយក្រមសីលធម៌នេះ នឹងផ្តល់ឱកាសដល់ទីភ្នាក់ងារ ជ្រើសរើសឯកជនកម្ពុជាទាំងអស់ យល់ដឹងកាន់តែច្បាស់អំពីច្បាប់ បទបញ្ញតិ្ត និងគោលនយោបាយដែលពាក់ព័ន្ធនឹងការជ្រើសរើសពលករទេសន្តរប្រវេសន៍ និងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអនុវត្តគោលការណ៍ជ្រើសរើសដោយយុត្តិធម៌ និងក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា។

បន្ថែមពីនេះ សិក្ខាសាលាក៏នឹងលើកកម្ពស់ការយល់ដឹងអំពីគោលការណ៍នៃក្រមសីលធម៌សម្រាប់ទីភ្នាក់ងារជ្រើសរើសឯកជនកម្ពុជា ក្នុងការអនុវត្តក្របខ័ណ្ឌវាយតម្លៃ និងបញ្ជីត្រួតពិនិត្យនៃការអនុវត្តក្រមសីលធម៌។ មួយវិញទៀត សិក្ខាសាលាក៏នឹងបង្កើនសមត្ថភាព ចំណេះដឹងអំពីគោលការណ៍ការជ្រើសរើស និងបង្កើនការអនុវត្តការជ្រើសរើសពលករទេសន្តរប្រវេសន៍ប្រកបដោយប្រសិទ្ធភាព៕