(ភ្នំពេញ)៖ លោកស្រី នេត្រ ភូម៉ារី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើផលិតករលើបណ្តាញសង្គម កុំបង្កើតមាតិកាអសីលធម៌ និងហិង្សាលើស្ត្រី ដែលជាទង្វើមិនល្អទាល់តែសោះ។

លោកស្រីថ្លែងបែបនេះ ក្នុងឱកាសពិធីបើកសិក្ខាសាលា ស្តីពី «តួនាទីផលិតករ សិល្បករ រួមចំណែកក្នុងការលើកកម្ពស់សីលធម៌សង្គម និងទប់ស្កាត់អំពើហិង្សាលើស្រ្តីដែលផ្សព្វផ្សាយតាមបណ្តាញសង្គម» នៅសាលអង្គរវត្ត នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

លោកស្រី នេត្រ ភូម៉ារី បានថ្លែងបន្តថា វិស័យវប្បធម៌ជាវិស័យមួយដ៏មានសារសំខាន់ក្នុងការរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា ហើយយើងទាំងអស់គ្នាត្រូវយល់ឱ្យបានច្បាស់ថា វប្បធម៌ គឺស្ថិតនៅលើយើងទាំងអស់គ្នា។ ដូច្នេះត្រូវនាំគ្នាអនុវត្តឱ្យបានសមរម្យ ត្រូវធ្វើជាប្រជាពលរដ្ឋល្អ ថ្លៃថ្នូរ រស់នៅក្នុងប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ រូបី អរូបី និងមានសីលធម៌ ប្រពៃណីដ៏ល្អផូរផង់ ទទួលបានការកោតសរសើរពីប្រទេសនានាលើសកលលោក។

បើតាមលោកស្រី នេត្រ ភូម៉ារី គេស្ងប់ស្ងែង កោតសរសើរ ដល់បុព្វបុរសដូនតាយើង ដែលលោកបានបន្សល់ទុកឱ្យយើងនូវសីលធម៌រស់នៅល្អ ទាំងអក្សរសាស្រ្ត ទាំងរូបចម្លាក់ ដែលមានភាពរស់រវើកគួរជាទីចាប់អារម្មណ៍។ ដូច្នេះដើម្បីជាកិច្ចតបស្នងដល់បុព្វបុរសយើង យើងជាកូនចៅជំនាន់ក្រោយត្រូវចូលរួមថែរក្សាវប្បធម៌ ប្រពៃណី សីលធម៌ និងទប់ស្កាត់អំពើហិង្សាលើស្រ្តី និងកុមារឱ្យបានជាដាច់ខាត។

លោកស្រីបន្តថា ផ្អែកលើប្រធានបទដ៏មានខ្លឹមសារដ៏ជ្រាលជ្រៅនេះ គណៈកម្មាធិការយេនឌ័រក្រសួងមានគោលបំណង ទប់ស្កាត់ និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ឥរិយាបថ វោហារស័ព្ទ សំណេរ ការស្លៀកពាក់ដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈទូទាំងប្រទេស ផលិតករ សិល្បករ សិល្បការិនី អង្គការដៃគូនានា ដើម្បីលើកកម្ពស់ការចូលរួមថែរក្សា ការពារសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដ៏ល្អផូរផង់របស់យើង ហើយលប់បំបាត់វប្បធម៌អវិជ្ជមាន និងទប់ស្កាត់អំពើហិង្សាលើស្រ្តីជាអំពើអមនុស្សធម៌ នាំឱ្យបាត់បង់កិត្យានុភាពរបស់ប្រទេសយើង។

លោកស្រី នេត្រ ភូម៉ារី បានស្នើអង្គសិក្ខាសាលទាំងមូលមេត្តាអនុវត្តតាមអនុសាសន៍ ១២ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន អតីតនាយករដ្ឋមន្រ្តីថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងផែនការសកម្មភាពការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិដើម្បីស្រ្តី ក្នុងនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន និងក្រសួងពាក់ព័ន្ធត្រូវសហការគ្នាត្រួតពិនិត្យ តាមដានជាប្រចាំនូវខ្លឹមសារ និងរូបភាព និងការសម្តែងតាមកម្មវិធីនានា ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយគ្រប់រូបភាព និងការសម្តែងផ្ទាល់ ដោយមានវិធានការក្នុងគោលបំណងអប់រំ និងថែរក្សាវប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ កិត្តិយស សេចក្តីថ្លៃថ្នូរបស់ជាតិយើង។

«ដូច្នេះដើម្បីឆ្លើយតបនឹងអនុសាសន៍ដ៏មានខ្លឹមសារនេះ សូមយើងទាំងអស់គ្នាជាប្រជាពលរដ្ឋកម្ពុជា ទាំងអស់ ដោយឡែកឯកឧត្តម លោកជំទាវជាផលិតករ សិល្បកររួមគ្នាថែរក្សា សីលធម៌សង្គមឱ្យបានល្អ ប្រព្រឹត្តល្អ ដោយកាយ ដោយវាចារ និងដោយចិត្តរួមគ្នា រស់នៅក្នងសង្គមមួយដែលគ្មានអំពើហិង្សា គ្មានការវាយប្រហារគ្នាដោយពាក្យសំដីអាសអាភាស ទាំងក្នុងបណ្តាញសង្គម ទាំងក្នុងមជ្ឈដ្ឋានទូទៅ»។ នេះបើតាមលោកស្រី នេត្រ ភូម៉ារី។

លោកស្រីបន្តថា សីលធម៌ គុណធម៌ សាមគ្គីធម៌ ធ្វើឱ្យសង្គមមួយមានយុត្តិធម៌ សច្ចៈធម៌ ប្រជាធិបតេយ្យ និងសន្តិភាពប្រកបដោយសុភមង្គល និងកិច្ចអភិវឌ្ឍន៍ និងធ្វើឱ្យសីលធម៌សង្គម មានការលើកកម្ពស់កាន់តែល្អប្រសើរថែមទៀត៕