(កំពង់ធំ)៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បាននាំយកកូនឈើធ្នង់ ចំនួន១០០ដើម ដាំនៅសាលាបឋមសិក្សារកា ស្ថិតនៅភូមិរកា សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន រសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។

លោក ងួន រតនៈ បានថ្លែងថា ការដាំដើមកូនឈើនៅក្នុងទីធ្លាសាលានេះ គឺដើម្បីឱ្យមានសោភណភាពនៅក្នុងសាលា និងមានបរិយាកាសល្អ ខ្យល់បរិសុទ្ធ ជាពិសេស ផ្តល់ជាម្លប់ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រមទាំងជួយកាត់បន្ថយកម្ដៅបានមួយកម្រិតផងដែរ។

លោកបន្តទៀតថា រដ្ឋបាលខេត្តបានសហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ ដែលបានផ្ដល់នូវកូនឈើដើមធ្នុងដាំទុក្ខសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទដើមឈើ និងកុំឱ្យផុតពូជ។ ដើមឈើ ជាប្រភេទធម្មជាតិមួយដែលជួយការពារនូវខ្យល់ព្យុះ ទឹកជំនន់ និងបាតុភូតធម្មជាតិផ្សេងៗដែលកើតឡើងជាយថាហេតុទៀតផង។

លោក ងួន រតនៈ បានស្នើថ្នាក់ដឹកនាំសាលា និងសិស្សានុសិស្ស សូមចូលរួមថែរក្សាការពារនៅសមិទ្ធផលទាំងអស់នេះឱ្យបានគង់វង្សនិងបានល្អប្រសើរដើម្បីឱ្យសាលាមានភាពស្រស់បំព្រង ពិសេសចូលរួមដាំកូនឈើបន្ថែម និងចូលរួមសម្អាតបរិស្ថានដើម្បីអោយទីធ្លាក្នុងសាលានេះកាន់តែមានការអភិវឌ្ឍន៍បន្ថែមទៀតជាពិសេសនោះទីតាំងនេះជាទីកន្លែងដែលមានប្រាសាទ បុរាណប្រវត្តិសាស្ត្រដែលបន្សល់ទុកដោយស្នាដៃរបស់បុព្វបុរសខ្មែរ ហើយកន្លែងនេះដែរគឺជាកន្លែងរមណីយដ្ឋានទេសចរណ៍ផងដែរ៕