(តាកែវ)៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវលោក ឯក ឆេងហ៊ួត នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចុះផ្សព្វផ្សាយច្បាប់ស្ដីពីការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការលុបបំបាត់ក្មេងទំនើង និង ច្បាប់ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សជាង២០០០នាក់ កំពុងសិក្សារៀនសូត្រ នៅវិទ្យាល័យជាស៊ីមតាកែវ ដែលស្ថិតនៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។

លោក ឯក ឆេងហួត បានថ្លែងថា គ្រឿងញៀន គឺជាបញ្ហាដ៏ស្មុគស្មាញ ដែលប្រមុខរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានដាក់ចេញនូវវិធានការណ៍នានា ដើម្បីបង្រ្កាបឱ្យអស់នៅករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀននៅទូទាំងប្រទេស។

លោកព្រះរាជអាជ្ញា បានបន្តថា «ក្នុងនាមយើងសិស្សានុសិស្ស និងជាយុវជនដែលជាទំពាំងស្នងឫស្សី ត្រូវចូលរួមឱ្យបានផុសផុលនូវយុទ្ធនាការលុបបំបាត់ការជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋានដោយផ្តើមចេញពីយើងទាំងអស់គ្នា»

លោក ឯក ឆេងហ៊ួត បានបន្តទៀតថា «ក្នុងករណីដែលប្អូនៗបានដឹងអំពីព័ត៌មាន នៃការចរាចរករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន នៅមូលដ្ឋានរបស់យើង ត្រូវរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា»

ជាមួយគ្នានេះ​ក្នុងនាមយើងជាសិស្សានុសិស្ស យើងត្រូវចៀសឱ្យឆ្ងាយគ្រឿងញៀន និងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ ទៅដល់ក្រុមគ្រួសារ មិត្តភក្តិ សហគមន៍ ឲ្យពួកគាត់បានយល់ជ្រាប និងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងទៅនឹងជួញដូរ និងចរាចរណ៍គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ឱ្យបានគ្រប់ៗគ្នា៕