(ភ្នំពេញ)៖ និយ័តករមូលបត្រកម្ពុជា និងសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីអភិវឌ្ឍទីផ្សារមូលបត្រ និងកសាងធនធានមនុស្សនៅក្នុងវិស័យមូលបត្រដល់និស្សិត វិនិយោគិនសក្តានុពល អ្នកចូលរួមក្នុងទីផ្សារមូលបត្រដទៃទៀត និងសាធារណជនទូទៅប្រកបដោយចំណេះដឹង និងវិជ្ជាជីវៈជំនាញ, បណ្តុះនិងពង្រីកចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុ ជាពិសេសវិស័យមូលបត្រនៅកម្ពុជាឱ្យកាន់តែផុសផុលដល់និស្សិតនៅថ្នាក់ឧត្តមសិក្សា និងសាស្ត្រាចារ្យ។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះបានធ្វើឡើងនាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា និងអ្នកឧកញ៉ាកិត្តិបណ្ឌិត លី ឃុនថៃ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅសាលសន្និសីទសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ បុគ្គលិក សាស្រ្តាចារ្យ និស្សិត និងភ្ញៀវកិត្តិយសប្រមាណ ៣៥០នាក់។

ថ្លែងនាឱកាសនោះលោក ស៊ូ សុជាតិ បានឱ្យដឹងថា ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្ស គឺជាការងារអាទិភាពមួយក្នុងចំណោម ការងារអាទិភាពផ្សេងទៀតដែលយើងបានកំណត់ ព្រោះថាវិស័យមូលបត្រនឹងមិនអាចរីកចម្រើនបានលឿននោះទេ ប្រសិនបើការយល់ដឹងពីវិស័យនេះនៅមានកម្រិតទាបនៅឡើយ។ ការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ ត្រូវបានកំណត់យ៉ាងច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០១៦-២០២៥។

លោក ស៊ូ សុជាតិ បានបន្ថែមថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាសក្ខីភាពមួយនៅក្នុងការជំរុញការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ ជាពិសេសទៅដល់ទំពាំងរបស់យើងដែលនឹងក្លាយជាឬស្សី ជាធនធានដ៏សំខាន់នៅក្នុងការអភិវឌ្ឍវិស័យមូលបត្រ ក៏ដូចជាសេដ្ឋកិច្ចជាតិទាំងមូល ហើយវាក៏បង្ហាញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា តាមរយៈការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍនូវធនធានមនុស្សល្អៗនៅក្នុងប្រទេសកម្ពុជាផងដែរ។

លោក ស៊ូ សុជាតិ បានបញ្ជាក់ដែរថា ក្នុងរយៈពេលជាងមួយទស្សវត្សរ៍កន្លងមកនេះ និយ័តករមូលបត្រកម្ពុជា ដែលជាអាជ្ញាធរ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍទីផ្សារមូលបត្រ បានខិតខំយកចិត្តទុកដាក់ ដោយចាប់ផ្តើមពីចំណុចសូន្យ រហូតដល់មានក្រុមហ៊ុនចំនួន២២ បោះផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅផ្សារមូលបត្រកម្ពុជា ដែលក្រុមហ៊ុនទាំង ២២នេះ បានប្រមូលសាច់ប្រាក់ ៣៧៧,២៦លានដុល្លារអាមេរិក។ ក្នុងចំណោមក្រុមហ៊ុនទាំង២២នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណចីរភាពផងដែរ។

បើតាមអ្នកឧកញ៉ាកិត្តិបណ្ឌិត លី ឃុនថៃ បានឱ្យដឹងដែរថា តាមរយៈការចុះអនុស្សរណៈនេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានផ្តល់ឱកាសបន្ថែមទៀតដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិត ដើម្បីទទួលបាននូវការអប់រំ បណ្ដុះបណ្ដាល និងសិក្សាស្វែងយល់ពីវិស័យមូលបត្រនៅកម្ពុជា ដែលជាវិស័យមួយ ក្នុងចំណោមវិស័យហិរញ្ញវត្ថុផ្សេងៗដទៃទៀត ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើររបត់ថ្មីមួយនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងកំពុងបោះជំហានទៅមុខជាលំដាប់ ដែលធ្វើឱ្យវិនិយោគិនសក្ដានុពល សាធារណជន មន្រ្ដីរាជការ និងនិស្សិតនៅតាមគ្រឹះស្ថានអប់រំមានការចាប់អារម្មណ៍ និងយកចិត្ដទុកដាក់យ៉ាងខ្លាំងក្នុងការស្វែងយល់ពីវិស័យមូលបត្រនេះ។

អ្នកឧកញ៉ាកិត្តិបណ្ឌិត លី ឃុនថៃ បានបញ្ជាក់ដែរថា មកដល់ពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មាននិស្សិតបានបញ្ចប់ការសិក្សា ចាប់ពីថ្នាក់បរិញ្ញាបត្ររង រហូតដល់ថ្នាក់បណ្ឌិតមានចំនួន ២៧ ៥៤៥នាក់ និងកំពុងសិក្សាសរុបចំនួន ៧ ១៧១ នាក់ ដែលក្នុងនោះនិស្សិត ជំនាញផ្នែកធុរកិច្ច ដែលកំពុងសិក្សាសរុបចំនួន ២ ១៥៦នាក់ផងដែរ៕