(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ២០០លានរៀល ដល់ដំណើរការកែលម្អសោភ័ណភាពរមណីយដ្ឋានបឹងកន្លែង ស្ថិតនៅកណ្តាលក្រុងបានលុង ខេត្តរតនគិរី។

ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តរតនគិរីទាំងមូល លោក ញ៉ែម សំអឿន បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតរកអ្វីប្រៀបពុំបានចំពោះការយកចិត្តទុកដាក់របស់សម្តេចប្រមុខរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា បឹងកន្សែង គឺជាបឹងមួយ នៅកណ្តាលក្រុងបានលុង បឹងនេះមានជម្រៅប្រមាណ៧ម៉ែត្រ នៅរដូវទឹកឡើង មានធារទឹកបិទបើក១ មានផែរឈើ១ (៣០ម៉ែត្រ គុណ១០ម៉ែត្រ) និងមានអាស្រមលោកតាជួង១។ ចុងទសវត្ស៨០ មានការសាងសង់មន្ទីរសុខាភិបាលមួយនៅមាត់បឹងមានរហូតមកដល់សព្វថ្ងៃ។

មានផ្លូវបេតុងក្រវាត់៧០% ជុំវិញបឹង ដោយសារថាក្រុងបានលុង មិនមានទីតាំងកម្សាន្តលំហែរ និងស្ថានភាពបឹងមិនស្អាតទើប លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានរៀបចំបឹងនេះឱ្យមានសោភ័ណភាពសម្រាប់បងប្អូនប្រជាពលរដ្ឋកម្សាន្ត ជាពិសេសពិធីបុណ្យអ៊ុំទូក និងបុណ្យផ្សេងៗ ដោយប្រើថវិកាលោកផ្ទាល់ និងការកៀគរពីសប្បុរសជននានា។

បច្ចុប្បន្នក្រុមការងារកែលម្អ បានកំពុងធ្វើ៖

*បារចក សារ៉ាយ កម្ទេចឈើ ប្រមូលសំរាម និងស្តារភក់ដាក់មកលើរួចពង្រាបដាំដើមឈើ និងផ្កា
*កំពុងកសាងរូបអក២ (ញី ឈ្មោល) ដើម្បីរំលឹកដល់បទចម្រៀងអធិរាជសំលេងមាសលោក ស៊ីន ស៊ីសាមុត និងសត្វទោមអម១ ចំនួននៅផ្នែកខាងកើត
*កសាងដំរី៣ (បា មេ និងកូន) នៅផ្នែកខាងត្បូងបឹង និងកន្លែងអង្គុយកម្សាន្ត
*កំពុងកសាងអាស្រមតាជួង ដែលត្រូវជាឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ឡើងវិញឱ្យស្អាត នៅទីតាំងដដែល
*រៀបសួនសម្រាប់កម្សាន្ត និងហាត់ប្រាណផ្នែកខាងលិច
*ដាំឈើ និងផ្កាក្រោយ និងចំហៀងមន្ទីរសុខាភិបាលលើដីដែលស្តារពីបឹង
*សង់បន្ទប់ទឹកអនាម័យសាធារណៈ១ (ប្រុស២ ស្រី២ និងក្រឡបត់ជើងតូចបុរស៥)
*សំអាត និងពង្រាបដីដាំស្មៅឱ្យទីវាលស្មៅធំលំអដោយផ្កា ដើមឈើ និងសួនមានរូបបេះដូង ទោង…សម្រាប់អង្គុយលេង និងមានកន្លែងរត់កីឡា
*បានបំពាក់ឧបករណ៍ហាត់ប្រាណ៤កំប្លេររួចរាល់នៅផ្នែកខាងត្បូង៕