(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានចេញល្បាតជារៀងរាល់ថ្ងៃ ក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ជាពិសេសតំបន់ភូមិសាស្ត្រ ស្មុគស្មាញមួយចំនួន ដើម្បីធានារក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានឲ្យបានល្អប្រសើរបន្ថែមទៀត ជូនប្រជាពលរដ្ឋ។

ការគូសបញ្ជាក់របស់លោក ជិន ប៊ុនធឿន បានធ្វើឡើងក្នុងពេលលោកបញ្ជាដឹកនាំកម្លាំងជាប្រចាំ ក្នុងការជម្រុញដល់មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ច ដើម្បីសហការយកចិត្តទុកដាក់ខ្ពស់លើសកម្មភាពតាមជំនាញការងារ ពិសេសផែនការគ្រោងទុកតាមពេលវេលា និងគោលដៅសំខាន់ៗ សំដៅចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន បានលើកឡើងថា ថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌឬស្សីកែវ និងប្រធាន-អនុប្រធាន ជាមួយមន្ត្រីពាក់ព័ន្ធតាមបណ្ដាការិយាល័យជំនាញ និងក្រោមកិច្ចសហការចូលរួមពីកម្លាំងនគរបាលខណ្ឌ, កម្លាំងនគរបាលប៉ុស្ដិ៍, កម្លាំងអាវុធហត្ថខណ្ឌ, កម្លាំងប្រជាការពារ, និងអាជ្ញាធរសង្កាត់-ភូមិក្នុងនាមកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ តែងតែចេញល្បាតជារៀងរាល់ថ្ងៃ តាមភូមិសាស្ត្រមូលដ្ឋានសង្កាត់ទាំង៧ ជាពិសេសតំបន់ភូមិសាស្ត្រស្មុគស្មាញមួយចំនួន ដែលមិនទាន់រៀបរយ ដើម្បីធានារក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានឲ្យបានល្អប្រសើរបន្ថែមទៀត ជូនបងប្អូនប្រជាពលរដ្ឋ៕