(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងលើកឡើងថា ការងារបរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្តាច់មុខរបស់មន្ទីរបរិស្ថាន ឬបុគ្គល អង្គភាពណាមួយនោះទេ ដូច្នេះយើងទាំងអស់គ្នា ត្រូវរួមកម្លាំង ក្នុងការចូលរួមការពារបរិស្ថានកម្ពុជា។

ការថ្លែងលើកឡើងរបស់លោកអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកចូលរួមក្នុងទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត» នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាកបាទក្រហម យុវជនកាយរិទ្ធ យុវជនសិស្សានុសិស្សបញ្ញាវ័ន្រក្មេងវត្ត ជាច្រើនរូនទៀត។

ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីអបអរសាទរ ទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនា ២០២៤ នាពេលនេះ។ លោកក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរបរិស្ថាន រដ្ឋបាលក្រុងព្រះវិហារ មន្ទីរ អង្គភាព ពាក់ព័ន្ធ ដែលបានខិតខំអនុវត្តតួនាទីភារកិច្ច ក្នុងការចូលរួមចំណែកកែទម្រង់ និងអភិវឌ្ឍវិស័យបរិស្ថាន ការចូលរួមអនុវត្តយុទ្ធនាការមិនប្រើថង់ប្លាស្ទិក ជាពិសេសគឺការរៀបចំ ទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ នាពេលនេះ។

លោក គីម រិទ្ធី ថ្លែងទៀតថា ការប្រារព្ធទិវាបរិស្ថានជាតិ បរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកែប្រែ គុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត»។

នាឱកាសនេះ គឺចង់បង្ហាញនូវសារៈសំខាន់នៃការចូលរួមរបស់យើងទាំងអស់គ្នា ដែលជាប្រជាជនកម្ពុជា ក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់បរិស្ថាន ធម្មជាតិ ស្រឡាញ់ភាពស្រស់បំព្រងនៃធម្មជាតិ ដែលជាប្រទេសសម្បូររទៅដោយសម្បត្តិធនធានធម្មជាតិ នៅតែរក្សាភាពស្រស់បំព្រង និងស្រស់ស្អាតជានិច្ច។

លោកបានថ្លែងណែនាំឱ្យយើងទាំងអស់គ្នាចូលរួមលើកស្ទួយវិស័យបរិស្ថាន ដោយអនុវត្តសកម្មភាពងាយៗរួមមាន៖ការប្រតិបត្តិមេត្រីភាពបរិស្ថាន ការធ្វើការសំអាត អនាម័យបរិស្ថាន តាមលំនៅដ្ឋាន ទីសាធារណៈ អង្គភាពរបស់ខ្លួន ការទុកដាក់សំរាម សំណល់ផ្សេងៗក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងចូលរួមដាំដើមឈើឱ្យបានច្រើន ដើម្បីឱ្យមានភាពបៃតងស្រស់បំព្រង ប្រកបដោយផាសុកភាព។

លោក គីម រិទ្ធី ក៏បានថ្លែងណែនាំនូវចំណុចចំនួន៣សម្រាប់យកទៅអនុវត្តរួមមាន៖

*គណៈបញ្ជាការឯកភាព ក្រុង ស្រុក ត្រូវសហការប្រើប្រាស់វិធានការសរុប កម្លាំងសរុប ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជលផល ព្រៃឈើ ការទន្ទ្រានដីខុសច្បាប់ ឱ្យបានជាប់ជាប្រចាំនិងមុឺងម៉ាត់បំផុត។
*ចូលរួមរៀបចំសកម្មភាព និងបំផុសចលនាការដាំដើមឈើឱ្យបានច្រើន នៅតាមទីសាធារណៈ តំបន់ការពារ តំបន់អភិរក្ស និងទីកន្លែងផ្សេងៗ។
*ចូលរួមអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថាន ក្នុងការដាំដើមឈើយ៉ាងតិច១លានដើម ក្នុង១ឆ្នាំចាប់ពីឆ្នាំ២០២៤៕