(តាកែវ)៖ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ នៃសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ចែកជូនយុទ្ធពិការ៣២០នាក់ នៅស្រុកបាទី ខេត្តតាកែវ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ពីការសភាពការណ៍វិវត្តន៍របស់ប្រទេសជាតិនាពេលថ្មីៗនេះ ហើយបានបញ្ជាក់ដល់យុទ្ធជន ពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ នូវការប៉ុនប៉ងធ្វើមហាបាតុកម្មរបស់ គណបក្សសង្គ្រោះជាតិ ដែលចង់ការពារបុគ្គល កឹម សុខា នាំឲ្យប៉ះពាល់ដល់ សន្តិសុខ សុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហេតុនេះបងប្អូនត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងកុំលង់ការញុះញង់របស់បក្សប្រឆាំង។
នាយកឧត្តមសេនីយ៍ បានស្នើដល់ក្រុមការងារ ស.អ.ក គ្រប់ថ្នាក់ត្រូវយកចិត្តទុកដាក់មើលថែបងប្អូនយុទ្ធជនពិការឲ្យបានដិតដល៎ ព្រោះពួកគាត់ គឺជាវីរៈជនដែលបានធ្វើពលីកម្ម គ្រប់បែបយ៉ាងដើម្បី សន្តិភាព និងការរស់នៅប្រកបដោយ សុខដុមរមនារបស់ប្រទេសជាតិ។
សូមបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ដែលបានប្រគល់ ដល់យុទ្ធជនពិការពេលនោះ រួមមាន ក្នុងម្នាក់ៗទទួលបាន មី១កេស ត្រីខកំប៉ុង១យួរ អង្ករ២៥គីឡូក្រាម និងថវិកា៤ម៉ឺនរៀល ផងដែរ៕