(ភ្នំពេញ)៖ ការដាំកូនឈើ ដំណាក់កាលទី១ ចំនួន១២៣៤ដើម ដែលមានរយៈប្រវែង២គីឡូម៉ែត្រ នៅតាមមាត់ប្រឡាយឧទ្យានជាតិ តេជោសែន ឬស្សីត្រឹប នឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាម លោក សូត សំណាង ប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានប្រាប់បណ្ដាញព័ត៌មាន Fresh News។

ប្រធានឧទ្យាននេះបានថ្លែងថា «គម្រោងការដាំកូនឈើចំនួន ១២៣៤ដើមនេះ គឺមានចំនួន៤ប្រភេទ ដោយដាំនៅមាត់ប្រឡាយចំនួន៣ជួរ ហើយជួរទី១ គឺមានប្រភេទដើមច្រេស និងពពាល ដែលមានការដុះសមស្របទៅស្ថានភាព និងជីវដ្ឋានក្នុងតំបន់ ហើយជួរទី២ គឺផ្កាឥន្ធនាល ដែលមានរូបរាងស្រដៀងដើមត្របែកព្រៃ និងជួរទី៣ គឺកូនត្នោត»

លោក សូត សំណាង បានបន្តថា ដំណើរការនៃការដាំកូនឈើនេះនឹងមានការចូលរួមសហការពីសំណាក់ សាកលវិទ្យាល័យជាតិគ្រប់គ្រង NUM រួមទាំងនិស្សិត អង្គការសមាគមមួយនៅខេត្តសៀមរាប កូនសិស្សដែលមកពីវិទ្យាល័យ ដូន ទង់ ស្រុកឆែប និងអាជ្ញាធរក្នុងតំបន់។

លោក សូត សំណាង បានបង្ហាញពី គោលបំណង ជារួមថា៖ គម្រោងការដាំដើមឈើត្រូវដាំអមមាត់ប្រឡាយក្រវាត់ជុំវិញ ឧទ្យានរាជ​បណ្ឌិត្យ​​សភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដំណាក់កាលទី១ នេះត្រូវដាំចំនួន ២គីឡូម៉ែត្រសិន ដោយសារប្រឡាយទើបជីកបានជិត៤គីឡូម៉ែត្រ និងត្រូវគិតតាមលទ្ធភាពជាក់ស្ដែង។

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្សីត្រឹបមានផ្ទៃក្រឡាសរុប ១១៤,៣៥ ហិចតា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ គឺជាឧទ្យានជាតិផ្នែកបុរាណវិទ្យា វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ធម្មជាតិ ដែលសម្បូរទៅដោយព្រៃឈើ សត្វព្រៃ ក្នុងនោះមាន សត្វស្លាប ១៥០ប្រភេទ ល្មូន សត្វជើងបួន…និងជីវចម្រុះជាដើម។ ឧទ្យានជាតិ ក៏មានរ៉ែដែក រ៉ែមាស ប្រភេទឈើប្រណីតលេខ១ លេខ២ ប្រមាណ៣០០ប្រភេទ និងត្រពាំងធម្មជាតិ ត្រពាំងសាឡុងដែលជីកដោយស្នាដៃមនុស្សសម្រាប់យកទៅធ្វើសាឡុង។ មិនត្រឹមតែសម្បូរធនធានធម្មជាតិប៉ុណ្ណោះទេ ថែមទាំងជាតំបន់ស្លដែកបុរាណដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ និងមានជនជាតិភាគតិចកួយ និងរស់នៅប្រកបរបរស្លដែកនេះផងដែរ៕