(កំពត)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តថ្លែងណែនាំឱ្យកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ខេត្តទាំងអស់ បន្តអនុវត្តឱ្យបានជាប់ជាប្រចាំ នឹងដូចភ្លៀងរលឹម លើការបង្ក្រាបក្មេងទំនើង ជាពិសេសក្រុមកាប់ដាវស៉ាំម៉ូរៃ ដោយត្រូវអនុវត្តដោយគ្មានការដកថយឡើយ ងើបមួយចាប់មួយ ងើបមួយអនុវត្តច្បាប់មួយ មិនមានការលើកលែងនោះឡើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាងសង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «អនុវត្តក្តៅហើយរឿងក្រុមកាប់ដាវស៉ាំម៉ូរៃ, ជួយឱពុកម្តាយថែទាំបង្ការកុំឱ្យឈានដល់ដាច់ដៃដាច់ជើង ឫស្លាប់ អនុវត្តបទបញ្ជារគ្រប់ខេត្តទាំងអស់ត្រូវអនុវត្ត ឱ្យតែមានមួយងើបមួយចាប់មួយ ងើបមួយអនុវត្តច្បាប់មួយ មួយអាណត្តិពេញ រាប់អាណត្តិទៅក្រោយៗទៀត អត់មានដាក់មួយឃើញតែមួយអាណត្តិនេះទេ»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា សម្តេចក៏បានអំនាវនាវរួចហើយផងដែរដល់ប្រព័ន្ធតុលាការ នៅពេលដែលកម្លាំងអាជ្ញាធរ ឫសមត្ថកិច្ចខំប្រឹងចាប់ក្មេងទំនើងបានហើយ ប្រព័ន្ធតុលាការអត់មានមូលហេតុច្បាស់លាស់ហើយដោះលែងវិញនោះទេត្រូវតែឱ្យច្បាស់លាស់ ហើយបើមានមូលហេតុច្បាស់លាស់ត្រូវតែអនុវត្តច្បាប់ឱ្យបានតឹងរឹងដើម្បីរួមគ្នាធ្វើនិងជាការព្រមានដល់ក្រុមក្មេងទំនើង និងក្រុមដាវស៉ាំម៉ូរៃនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការអនុវត្តក្តៅលើក្មេងទំនើង ក្រុមកាប់ដាវស៉ាំម៉ូរៃនេះ ត្រូវរួមគ្នាអនុវត្តឱ្យដូចភ្លៀងរលឹម ងើបមួយសង្កត់មួយ ងើបមួយក្រុមសង្កត់មួយក្រុម ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ។ សម្តេចបានបញ្ជាក់ថា ម្តាយឱពុកដែលតែងតែភ័យជាងគេ គឺម្តាយឱពុកដែលមានកូនជាអ្នកកាប់ដាវនេះហើយ។

សូមបញ្ជាក់ដែរថា ស្របតាមការណែនាំរបស់សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចំពោះការអនុវត្តវិធានការម៉ឺងម៉ាត់ទៅលើក្រុមក្មេងទំនើង, អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឱ្យដឹងថា ក្នុងរយៈពេល ១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត បានទទួលចាត់ការលើសំណុំរឿងក្មេងទំនើងចំនួន ៧៣ករណី ដែលមានជនសង្ស័យចំនួន ៤៧៨នាក់ ហើយតុលាការបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣២០នាក់ និងរត់គេចខ្លួនចំនួន ១៥៨នាក់៕