(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវកុំឱ្យមានចលនាទិញដី ស្ថិតនៅតាមតម្រាយគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីទារសំណងពីរដ្ឋ។

ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចធិបតី ក៏បានអំពាវនាវប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ព្រោះបើគ្មានការចូលរួម គម្រោងរបស់ជាតិ មានតែនៅលើក្រដាសដដែល។ សម្តេចធិបតី បានបន្តថា បើស្រលាញ់ជាតិពិតប្រាកដ ចង់ឱ្យកម្ពុជាមានឯករាជ្យភាពក្នុងដឹកជញ្ជូន ចង់ឃើញទិសនិរតី មានការអភិវឌ្ឍសេដ្ឋកិច្ច ចង់ឱ្យទូទាំងប្រទេសរបស់យើងបានផលពីព្រែកជីកប្រវត្តិសាស្ត្រនេះ ត្រូវតែរួមគ្នាធ្វើ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ចុងក្រោយខ្ញុំសុំបងប្អូន ដែលមិនរស់នៅតំបន់ ជាពិសេសអ្នកវិនិយោគ អ្នកដែលចាប់ឱកាសលឿន ខ្ញុំសុំ ព្រោះឥលូវខ្ញុំឮល្ហៀងៗថាប្រមូលគ្នាទិញដី។ កុំ! សូមកុំប៉ះអាកន្លែង ដែលយើងធ្វើ បើយើងធ្វើព្រែកជីកមិនកើត ឬយឺត ក៏យើងខាតដែរ»។

សម្តេច បានបន្តថា «កុំ! ពេលរដ្ឋដាក់គោលនយោបាយ ស្រាប់តែឃើញដីស្រែបោះទង់ ១ការ៉េ ១ពាន់ដុល្លារ ចប់ហើយ។ កន្លែងហ្នឹងទុកទៅ។ ខ្ញុំសូមអំពាវនាវទុកមុនឱ្យហើយ ដើម្បីរួមគ្នា ជាពិសេសបងប្អូនរស់នៅតាមបណ្តោយសណ្តរព្រែក»។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។ ការបើកការដ្ឋានព្រែកជីកនេះ ចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនវិនិយោគដោយក្រុមហ៊ុនបរទេស ១០០ភាគរយទៀតហើយ គឺក្រុមហ៊ុនខ្មែរជាអ្នកកាន់ទុនភាគច្រើន គឺចាប់ពី៥១ភាគរយឡើងទៅ។ សម្តេចធិបតីបញ្ជាក់ថា ក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគព្រែកជីកហ្វូណនតេជោ រួមមានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនឯកជនមួយទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពីបច្ចុប្បន្នទៅអនាគត មិនមែនដើម្បីប្រយោជន៍បរទេសនោះឡើយ។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕