(សៀមរាប)៖ លោក ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍(COSTI) បានឱ្យដឹងថា រដ្ឋជាសមាជិកអាស៊ានត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់មូលនិធិពីដៃគូសន្ទនា ដែលមានទឹក៣៩០លានដុល្លារ ប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការក្នុងតំបន់ តាមរយៈដំណោះស្រាយវិទ្យា សាស្ត្រ។

លោក ហ៊ុល សៀងហេង គូសបញ្ជាក់បែបនេះ ក្រោយការបិទបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ (COSTI-85) ដោយផ្តោតលើនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។លទ្ធផលនៃកិច្ចប្រជុំ និងអនុសាសន៍ គណៈកម្មាធិការនេះនឹងបញ្ជូនទៅកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីពិនិត្យសម្រេច។

លោក ហ៊ុល សៀងហេង បានលើកឡើងថាការប្រើប្រាស់ថវិកាដៃគូសន្ទនាមានសារៈសំខាន់ណាស់ ដើម្បីពង្រីកលទ្ធភាពក្នុងការស្រាវជ្រាវអនុវត្តប្រកបដោយប្រសិទ្ធភាព និងជំរុញវឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់អាស៊ាន។ មូលនិធិសរុបពីដៃគូសន្ទនា រួមមានអូស្ត្រាលី ចិន ជប៉ុន និងសហរដ្ឋអាមេរិក មានចំនួនប្រមាណ ៣៩០ លានដុល្លារ។

លោកបានបញ្ជាក់បន្ថែមថា« រដ្ឋជាសមាជិកអាស៊ានត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់មូលនិធិ ទាំងនេះប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយតម្រូវការក្នុងតំបន់ តាមរយៈដំណោះស្រាយវិទ្យា សាស្ត្រជាក់ស្តែង»។

សូមជម្រាបផងដែរថា ផ្នែកសំខាន់មួយនៃកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ នៅទីក្រុងសៀមរាបនេះ គឺការពិនិត្យសកម្មភាពដែលកំពុងបន្តចំនួន ៩៣ រួមមានគម្រោងដែលគាំទ្រដោយមូលនិធិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍អាស៊ាន (ASTIF)។ គម្រោងសំខាន់ៗពីរគឺ គម្រោងតាមដានហ្សែនជំងឺរាតត្បាតសម្រាប់អាស៊ាន និងការសិក្សាតាមដានភាពស៊ាំរបស់ប្រជាជនទៅនឹងមេរោគកូវីដ-១៩ កំពុងត្រូវបានអនុវត្ត។

អាស៊ានកំពុងធ្វើការជាមួយដៃគូសន្ទនាលើសកម្មភាពចំនួន៦៩ លើផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ អូស្ត្រាលី កាណាដា ចិន សហភាពអឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ រុស្ស៊ី ទួរគី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក សុទ្ធតែបានចូលរួមចំណែកក្នុងគំនិតផ្តួចផ្តើមទាំងនេះ។ ជាឧទាហរណ៍ ប្រទេសអូស្ត្រាលីកំពុងគាំទ្រការបង្កើតផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ឆ្នាំ ២០២៦-២០៣៥។ ស្រដៀងគ្នានេះដែរ ប្រទេសចិនបានផ្តល់ថវិកាគាំទ្រគម្រោងជាច្រើនក្រោមមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន (ACCF) រួមទាំងកម្មវិធីប្រកួតប្រជែងនវានុវត្តន៍ កម្មវិធីសហគ្រិនភាពចិន-អាស៊ាន ឆ្នាំ២០២៤ និងមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ានជាដើម។

កិច្ចប្រជុំបានបិទបញ្ចប់ដោយពិនិត្យ និងព្រមព្រៀងលើលទ្ធផលនៃការអនុវត្តអាទិភាពឆ្នាំ២០២៣ ដែល រួមមានការបង្កើតមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន សិក្ខាសាលាស្តីពីបញ្ញាសិប្បនិម្មិត និងការបង្កើតយុទ្ធសាស្ត្រស្រាវជ្រាវហេដ្ឋារចនាសម្ព័ន្ធអាស៊ាន។

កិច្ចប្រជុំ COSTI-85 បានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួម និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ណាស់ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងសកលលោក ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន ព្រមទាំងលើកកម្ពស់ភាពប្រកួតប្រជែងរបស់អាស៊ាននៅលើឆាកពិភពលោក៕