(កំពត)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានព្រមានទៅ ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ដែលកំពុងរស់នៅក្រៅប្រទេស កុំប្រឆាំងគ្រប់រឿងទាំងអស់ ដែលសូម្បីតែផលប្រយោជន៍ជាតិរបស់ខ្លួនឯង។

ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ នៅខេត្តកំពត នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤នេះ។

ដោយរំលឹកអំពីគម្រោងព្រែកហ្វូណនតេជោ ដែលនឹងបើកការដ្ឋាន នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ សម្តេចបានបញ្ជាក់ថា គម្រោងនេះនឹងមិនមែនបម្រើផលប្រយោជន៍ប្រទេសណាទេ ប៉ុន្តែផ្តល់នូវផលប្រយោជន៍ដល់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដ ហើយសម្តេចស្នើឱ្យប្រជាពលរដ្ឋបន្តជឿទុកចិត្តរាជរដ្ឋាភិបាល និងកុំជឿលើការញុះញង់របស់អ្នកនយោបាយមួយចំនួន ដែលប្រឆាំងចំពោះគម្រោងនេះ។

សម្តេចបានបញ្ជាក់ដូច្នេះថា «សូមបន្តកុំជឿលើការញុះញង់ របស់ក្រុមមួយចំនួន ឬអ្នកនយោបាយខ្លះ ដែលចេះតែអុចអាលប្រជាពលរដ្ឋ យករូបភាពនេះរូបភាពនោះមកបំភ្លៃ ដើម្បីឱ្យប្រជាជនបាត់ជំនឿទៅលើគម្រោងនេះ ហើយនាំគ្នាតវ៉ាប្រឆាំងមិនគាំទ្រដល់គម្រោងនេះ សូមកុំជឿទៅលើការញុះញង់បែបនេះ»

សម្តេចបានថ្លែងបន្តថា៖ «ដូចម្សៀចាស់វស្សាមួយនៅប្រទេសក្រៅ ខ្ញុំមិនយល់ អ្នកសេដ្ឋកិច្ចនឹងគេដែរ ម្ង៉ៃៗជេរតែគម្រោង ផលប្រយោជន៍ជាតិខ្មែរសោះ ដែលខ្ញុំថា កុំប្រឆាំងគ្រប់ពេល គ្រប់ប្រធានបទពេក បើមិននិយាយ ក៏គេមិនថាគដែរ ស្អីដែលជាផលប្រយោជន៍យើង រួមទាំងអ្នកគាំទ្ររបស់អស់លោកផង សូមបើកឱកាសឱ្យខ្មែរយើងមានឱកាសរីកចម្រើន ហើយសូមឱ្យមានភាពជឿជាក់ និងសាមគ្គីឯកភាពជាតិគ្នា ទៅលើអ្វីដែលជាផលប្រយោជន៍ជាតិរបស់យើង ជាពិសេសផលប្រយោជន៍សង្គម សេដ្ឋកិច្ចជូនប្រជាពលរដ្ឋយើង គួរកុំប្រឆាំងផ្កាប់មុខពេក គួរតែរួមគ្នាផ្តល់សច្ចភាព»

បន្ទាប់ពីគម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានប្រកាសចេញជាសាធារណៈ លោក សម រង្ស៉ី បានចេញមុខជំទាស់ចំពោះគម្រោងនេះ ដោយប្រឌិតព័ត៌មានជាច្រើន ដើម្បីរារាំងគម្រោងនេះ មិនឱ្យកើតមានបាន។ លោក សម រង្ស៉ី បានចោទប្រកាន់ស្រដៀងនឹងអ្នកស្រាវជ្រាវវៀតណាម ដែលថា គម្រោងនេះប៉ះពាល់ដល់បរិស្ថាន និងអនុគ្រោះដល់ការបង្កើតឱ្យមានមូលដ្ឋានកងទ័ពចិននៅកម្ពុជា។ ទោះជាយ៉ាងនេះក្តី គម្រោងនេះ ត្រូវបានសាទរយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន មិនថាគណបក្សនយោបាយ ឬប្រជាពលរដ្ឋ។

ក្នុងពិធីដដែលនេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់គណបក្សនយោបាយទាំងអស់នៅក្នុងប្រទេស ដែលបានគាំទ្រយ៉ាងខ្លាំង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដោយមិនមានការប្រឆាំងដូចក្រុមរបស់ទណ្ឌិត សម រង្ស៉ី នោះទេ។

សម្តេចបានលើកឡើងថា មានគម្រោងជាច្រើនដែលធំជាងនេះ តែមានតែគម្រោងព្រែកជីកនេះប៉ុណ្ណោះ ដែលមានប្រជាពលរដ្ឋស្ទើរទូទាំងប្រទេសគាំទ្រ។ សម្តេចបានស្នើសុំឱ្យស្មារតីនេះនៅតែបន្ត ហើយកុំជឿលើការញុះញង់របស់ក្រុមមួយក្តាប់តូច ដែលមានចេតនាបំផ្លាញផលប្រយោជន៍ជាតិតទៅទៀត។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។ គម្រោងនេះនឹងផ្តល់ផលប្រយោជន៍យ៉ាងធំធេងសម្រាប់សេដ្ឋកិច្ចសង្គម ជាពិសេសនឹងជួយជំរុញវិស័យដឹកជញ្ជូន ពាណិជ្ជកម្ម និងកសិកម្មកម្ពុជា កាន់តែប្រសើរឡើងថែមទៀត៕