(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសនៅថ្ងៃទី៦ ខែមិថុនានេះថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។

ការបើករដ្ឋានព្រែកជីក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ ចំថ្ងៃខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមបញ្ជាក់ផងដែរថា ការបើកការសាងសង់គម្រោងនេះ គឺនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ មិនចាំបាច់ដល់មួយឆ្នាំ ខួបបង្កើតរដ្ឋាភិបាលថ្មីនោះទេ។ កន្លែងរៀបចំពិធីយើងបានរៀបចំរួចហើយ យើងត្រូវសម្ភារ ឧបករណ៍ មធ្យោបាយរៀបចំរួចហើយ អីចឹងអ្នកណាដែលខំឃោសនាថាយើងធ្វើមិនរួច យកល្អមិនបាច់ខំទេនាំតែហត់»

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណពលរដ្ឋនៅទូទាំងពិភពលោក និងអ្នកខេត្តកំពត ដែលបានគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចបញ្ជាក់ថា អ្នកខេត្តកំពតជាអ្នកប្រយោជន៍ផ្ទាល់ ពីគម្រោងព្រែកជីកហ្វូណនតេជោនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនវិនិយោគដោយក្រុមហ៊ុនបរទេស ១០០ភាគរយទៀតហើយ គឺក្រុមហ៊ុនខ្មែរជាអ្នកកាន់ទុនភាគច្រើន គឺចាប់ពី៥១ភាគរយឡើងទៅ។

សម្តេចធិបតីបញ្ជាក់ថា ក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគព្រែកជីកហ្វូណនតេជោ រួមមានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនឯកជនមួយទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពីបច្ចុប្បន្នទៅអនាគត មិនមែនដើម្បីប្រយោជន៍បរទេសនោះឡើយ។

សូមជម្រាបថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ «ព្រែកជីកហ្វូណនតេជោ» តភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ គ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក។

ព្រែកជីកនេះនឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជា កាត់បន្ថយតម្លៃដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាកាត់ បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការ ឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផល ប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕