(សៀមរាប)៖ លោក លី ឧត្តម ប្រធាន JCI បានថ្លែងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាទប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៤ ដែលប្រព្រឹត្ដទៅនៅខេត្ដសៀមរាប-អង្គរ ដែលមានរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៦-៩ ខែមិថុនា ឆ្នាំ២០២៤ សម្រាប់ចាប់ពីថ្ងៃស្អែក ដែលនឹងមានប្រតិភូចូលរួមរហូតដល់ទៅជាង ៤,៥០០នាក់ មកពីបណ្ដាប្រទេសនានានៅលើពិភពលោក។

ការថ្លែងដូច្នេះរបស់លោក បានធ្វើឡើងក្នុងសន្និសិទសារព័ត៌មាន ស្ដីអំពីការរៀបចំមហាសន្និបាទប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (2024-Asia-Pacific Conference) នាសណ្ឋាគារសុខា ក្រុងសៀមរាប នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ។

លោក លី ឧត្តម បានឱ្យដឹងថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីនេះជាមួយសមាជិករបស់ JCI មហាសន្និបាទនេះ រៀបចំឡើងដោយមានការសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងប្រព្រឹត្ដទៅរយៈពេល ៤ថ្ងៃ ដោយមានរួមបញ្ចូលនូវកម្មវិធីជាច្រើន ដូចជាកិច្ចសន្ទនា គំនិតឆ្នៃប្រឌិត ការផ្លាស់ប្ដូរគំនិតយោបល់ ការចែករំលែកបទពិសោធន៍ រវាងបណ្ដាប្រទេសនានាជាច្រើន ដែលអ្នកចូលរួមទាំងអស់អាចសិក្សារៀនសូត្រ និងស្វែងយល់ អំពីប្រធានបទនីមួយៗឱ្យបានកាន់តែច្រើន។

លោកបន្ដថា «ក្នុងមហាសន្និបាតរបស់យើង ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសថ្មីមួយទៀត សម្រាប់គ្រប់ពាណិជ្ជករជាតិ និងអន្តរជាតិទាំងអស់ អាចស្វែងរកទីផ្សារ និងឱកាសវិនិយោគពាណិជ្ជកម្មនានាពីបណ្ដាយសមាជិករបស់ JCI ផងដែរ។ មហាសន្និបាទប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំ២០២៤នេះ កើតចេញពីក្ដីសុបិន្តយ៉ាងយូរ និងជារបស់ JCI កម្ពុជា ដែលចង់ឃើញសមាជិក សមាជិកា ពីបណ្ដាប្រទេសនានា មកជួបជុំសន្ទនាលើទឹកដីអង្គរ ក៏ដូចជាការរួមចំណែកផ្សព្វផ្សាយវិស័យទេសចរណ៍ វប្បធម៌ និងបង្ហាញពិភពលោក អំពីសន្ដិភាព ស្ថេរភាព និងការអភិវឌ្ឍន៍របស់កម្ពុជាផងដែរ»

លោកបានបញ្ជាក់ទៀតថា «ក្នុងរយៈពេល ១៤ឆ្នាំ នៃការបង្កើត JCI កម្ពុជា យើងបានធ្វើកិច្ចការសង្គមជាច្រើន ដែលគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតគម្រោងស្ម័គ្រចិត្តសង្គមជាច្រើន បច្ចុប្បន្ននេះយើងមានសាខាចំនួន ៦ សមាជិកសកម្មប្រមាណជាង ៣០០នាក់ បណ្ដាញសមាជិកជាង ១,០០០នាក់ និងប្អូនៗសិក្សានុសិស្សស្ម័គ្រចិត្តជាច្រើនរយនាក់ទៀត បាននឹងកំពុងធ្វើការងារគម្រោងប្រមាណជា ៥០ ដើម្បីផ្ដល់ជាប្រយោជន៍ដល់សង្គម»

លោកបានឱ្យដឹងទៀតថា ជាមួយសមិទ្ធិផល និងធនធានមនុស្សដែលលកំពុងមាននេះ ទើបកាន់តែធ្វើឱ្យសមាជិកមានទំនុកចិត្ត និងកម្លាំងចិត្តក្នុងការរៀបចំមហាសន្និបាទជាលក្ខណៈអន្តរជាតិ ហើយនេះក៏ជាភស្ដុតាងដែលបង្ហាញយ៉ាងច្បាស់ អំពីភាពរឹងម៉ាំរបស់ស្ថាប័ន ដែលមានសមាជិក សមាជិកា ប្រកបដោយសក្តានុពល ប្រសិទ្ធិភាពខ្ពស់ និងមានសមត្ថភាព ក្នុងការផ្សព្វផ្សាយទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ រហូតជាង ៤,០០០នាក់ មកពីជាង ៥០ប្រទេស ទាំងក្នុងតំបន់ និងសកលលោក ឱ្យមកជួបជុំគ្នានៅលើទឹកដីអង្គរនេះ។

លោក លី ឧត្ដម បានថ្លែងទៀតថា មហាសន្និបាទនេះ គឺពិតជាមានអត្ថន័យណាស់ សម្រាប់សមាជិក សមាជិកា JCI កម្ពុជា ក៏ដូចជាមនុស្សជាតិទូទៅ ព្រោះថាមនុស្សមកពីគ្រប់ទិសទី បានមកជួបជុំគ្នា ចែករំលែកនូវស្នាមញញឹម និងបទពិសោធន៍នានា ដែលជាសាររំលឹក និងដាស់តឿងយើងម្នាក់ៗ អំពីសន្តិភាព សាមគ្គីភាព និងការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ដោយមិនមានការរើសអើង ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ និងថែរក្សាសុខសន្ដិភាព ទាំងក្នុងតំបន់ និងពិភពលោក។

លោកក៏បានថ្លែងអំណរគុណយ៉ាងពិសេស ដល់ក្រុមប្រឹក្សាភិបាលថ្នាក់ជាតិ ថ្នាក់តំបន់ និងជាពិសេសគណកម្មការរៀបចំ ក្រុមការងារស្ម័គ្រចិត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងលះបង់ពេលវេលា និងកម្លាំងកាយចិត្ត រៀបចំកម្មវិធីនេះ។ លោកក៏បានថ្លែងអំណរគុណ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្ដល់ការគាំទ្រ និងកិច្ចសហការជួយជ្រោមជ្រែងដោយមិនគិតពីការនឿយហត់ មកកាន់មហាសន្និបាទតាំងពីដើមរៀងមក។

ក្នុងឱកាសនោះ លោក Kevin Hin អគ្គលេខា JCI បានថ្លែងឱ្យដឹងថា «ខ្ញុំសប្បាយរីករាយណាស់ ដែលបានមកកាន់កម្ពុជា និងបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈខាន់នេះ។ ហើយយើងក៏មានក្រុមការងារអន្តរជាតិ ក្នុងការគាំទ្រនូវព្រឹត្តិការណ៍នេះផងដែរ»

ចំណែកលោក Kaveen Kumar ប្រធាន JCI ពិភពលោក បានលើកឡើងថា «យើងពិតជាមានសេចក្ដីរីករាយ និងមោទនភាពណាស់ ដែលបានមកចូលរួមមហាសន្និបាទប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលបានរៀបចំនៅកម្ពុជានាពេលនេះ។ សម្រាប់ JCI យើងមានមហាសន្និបាតផ្សេងៗពីគ្នា ដូចជាមហាសន្និបាតសហរដ្ឋអាមេរិក មហាសន្និបាតសហភាពអឺរ៉ុប មហាសន្និបាតតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាដើម ហើយសន្និបាតនីមួយៗ មានជាច្រើនកិច្ចប្រជុំ ពិភាក្សា ដើម្បីសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។ យើងសូមកោតសរសើរដល់កម្ពុជា ដែលបានរៀបចំមហាសន្និបាតដ៏ធំនេះឡើង ដែលមានអ្នកចូលរួមរហូតដល់ជាង ៤,០០០នាក់»

លោកស្រី ដេក ដារី ប្រធានរៀបចំមហាសន្និបាទនេះ ក៏បានថ្លែងឱ្យដឹងថា សម្រាប់មហាសន្និបាតនាពេលនេះ ឃើញថាមានការចូលរួមពីស្រ្តីបានច្រើន ដែលអាចសរបញ្ជាក់ឱ្យឃើញពីសមត្ថភាព និងលទ្ធិភាពរបស់ស្រ្តី ក្នុងការចូលរួម ពីខាងស្រ្តីលើសពី ៥០% ដែលជាតួលេខមួយ ប្រកបដោយមោទនភាព សម្រាប់ការផ្ដល់ឱកាសស្មើគ្នា និងលើកទឹកចិត្តឲ្យស្រ្តីបានចូលរួមច្រើន នៅក្នុងកិច្ចការសង្គម ក៏ដូចជានៅក្នុងធុរកិច្ចផ្សេងៗផងដែរ។

សម្រាប់លោកស្រី គិន សំណាង តំណាងមកពី ស.ស.យ.ក បានបញ្ជាក់ថា ស្ទើរតែមួយឆ្នាំកន្លងទៅនេះ គឺយើងមានបទពិសោធន៍ល្អៗ ដែលជាមេរៀន ក្នុងការសហការណ៍ រវាង JCI និង ស.ស.យ.ក ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃមហាសន្និបាតប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក គឺយើងផ្ដោតសំខាន់ទៅលើរឿង៤ធំៗ ដែលបានពិភាក្សា និងធ្វើការជាមួយគ្នាក្នុងការជ្រើសរើសអ្នកស្ម័គ្រចិត្ត ដើម្បីមកជួយកម្មវិធីនេះ ហើយក៏មានវគ្គបណ្ដុះបណ្ដាលដល់អ្នកស្ម័គ្រចិត្តផងដែរ ដើម្បីឱ្យគាត់បានទទួលនូវបទពិសោធន៍ថ្មី។

លោកស្រីបន្ដថា យើងដឹងហើយថា សកម្មភាពរបស់ ស.ស.យ.ក ក្នុងការជួយទៅលើកិច្ចការងារសង្គម ឬក៏ជាដៃគូរសហការនៅក្នុងកម្មវិធីផ្សេងៗ តែងតែធ្វើក្នុងរូបភាពផ្សេងៗគ្នា តែជាក់ស្ដែងសម្រាប់កិច្ចសហការជាមួយ JCI កម្ពុជា គឺបានផ្សព្វផ្សាយ ដើម្បីឱ្យមានការចូលរួមពីស្ថាប័ននៅប្រទេសផ្សេងៗទៀតឱ្យមកស្រុកខ្មែរ គឺតាមរយៈកម្មវិធី/វេទិកា ដែលមានស្រាប់ ដូចជាបណ្ដាញសង្គម Facebook ជាដើម៕