(កំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក។

កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង​សង្កាត់​បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ​បង្កើតឡើង​អំឡុង​ឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាង​សង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពតនៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការ សាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មាន​បង្គោលចងពួរ សម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការពារ​ការប៉ះទង្គិច​នាវា, ការសាងសង់ទីលានកុងតឺន័រ មានទំហំផ្ទៃសរុប ៥៥,០០០ម៉ែត្រការ៉េ, ឃ្លាំងស្តុក​ទំនិញ​​មាន​ទំហំសរុប ៨,៨០០ម៉ែត្រការ៉េ, អគារត្រួតពិនិត្យទំនិញមានទំហំ ១,៣៣០​ម៉ែត្រការ៉េ, ការសាងសង់ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំង​ប៉ុស្តិ៍យាម​ហ៊ុមព័ទ្ធ​ដោយ​របងជុំវិញ និងរោងម៉ាស៊ីនភ្លើងចំនួន២កន្លែង រួមទាំងការសាងសង់អគាររដ្ឋ​បាល​កម្ពស់ ៣ជាន់ មានទំហំសរុប ១,៦៨៩ម៉ែត្រការ៉េ សម្រាប់ជាការិយាល័យបំពេញ​ការ​ងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយ និងរដ្ឋាករកម្ពុជា មន្ត្រីសុខាភិបាល មន្ត្រីអន្តោ​ប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការរៀបចំត្រៀម នូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការ
ចូល-ចេញតាមផ្លូវទឹកផងដែរ។

ចំពោះដែនទឹករបស់កំពង់ផែ គឺជាសម្បត្តិរបស់រដ្ឋដែលរាជរដ្ឋាភិបាល បានកំណត់ផ្តល់​សិទ្ធិប្រើប្រាស់ក្នុងទំហំសរុប ៦៧៨ហិកតា រួមជាមួយការស្ថាបនាប្រឡាយនាវាចរណ៍ មានបណ្តោយ ២,៦០០ម៉ែត្រ ទទឹងប្រវែង ១៧០ម៉ែត្រ និងជម្រៅទឹក ១០ម៉ែត្រ ដែល​អាចអនុញ្ញាតឱ្យនាវាចំណុះ ១០,០០០តោន ឬស្មើនឹង ៦៦៦TEU ចូលចតបាន។

ផ្លូវនាវាចរណ៍នេះ ក៏មានរៀបចំនូវកន្លែងអាងបត់សម្រាប់នាវាធ្វើចលនាបត់ ដែលមាន​អង្កត់ផ្ចិត ១,០០០ម៉ែត្រ និងការបំពាក់ពោងសញ្ញាជំនួយនាវាចរណ៍ ដែលអាចឱ្យនាវា​ធ្វើប្រតិបត្តិការដឹកជញ្ជូនប្រកបដោយ​សន្តិ​សុខ និងសុវត្ថិភាព។

សម្រាប់ផ្នែក​ប្រតិបត្តិការផ្ទេរផ្ទុក និងលើកដាក់ទំនិញ, កំពង់ផែ ក៏បានបំពាក់​គ្រឿង​ចក្រ និងឧបករណ៍គ្រប់គ្រាន់សម្រាប់ធានាដល់ប្រតិបត្តិការ រួមមាន៖ គ្រឿងចក្រ​លើក​ដាក់ចល័ត គែមផែប្រភេទ PORT QCS ចំនួន ៣គ្រឿង ដែលមួយគ្រឿងមាន​សមត្ថ​ភាព​លើកដាក់រហូតដល់ ៤៥តោន, គ្រឿងចក្រលើកដាក់កុងតឺន័រចល័តនៅទីលាន ប្រភេទ RTG ចំនួន៣គ្រឿង និង ការបំពាក់សម្ភារបរិក្ខារផ្សេងៗទៀតដែលបម្រើដល់​សកម្ម​ភាពប្រតិបត្តិការរបស់កំពង់ផែ រួមទាំងការបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព សន្តិសុខ ដែលគ្របដណ្ដប់លើដែនគោក និងដែនទឹក របស់កំពង់ផែផងដែរ។

កំពង់ផែនេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់លិខិតអនុញ្ញាតឱ្យធ្វើ ប្រតិបត្តិការអាជីវកម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលមានសេវាកម្ម​សំខាន់ៗ ដូចជាសេវាកម្មនាវាចរ-កណ្ណធារ, សេវាកម្មផ្ទេរផ្ទុក លើកដាក់ និងដឹកជញ្ជូន​ទំនិញ, សេវាកម្មស្ដុក និងថែរក្សាទំនិញ, សេវាកម្មនាវាទេសចរណ៍អន្តរជាតិ និងតំបន់​សេដ្ឋកិច្ច​ពិសេស បច្ចុប្បន្ន កំពង់ផែបាននិងកំពុងធ្វើប្រតិបត្តិការដោយទទួល​ទំនិញ​រាយ និងទំនិញជាច្រើនប្រភេទមាន ជាអាទិ៍ដូចជា ធ្យូងថ្ម ម្នាងសិលា ដែក និងទំនិញ​ប្រភេទផ្សេងទៀត។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១នេះ បានចំណាយថវិកា សាងសង់​សរុប​ប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុម​ហ៊ុន​កំពតផត។

ក្រុមហ៊ុនកំពតផត ក៏មានគម្រោងសាងសង់ពង្រីកហេដ្ឋា រចនាសម្ព័ន្ធរបស់កំពង់ផែ​ពហុ​បំណងកំពតនេះ ក្នុងដំណាក់កាលបន្តបន្ទាប់ទៀតផងដែរ។ ក្នុងនោះដំណាក់​កាលទី២ និងដំណាក់កាលទី៣ គ្រោងសាងសង់ឡើងដោយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០,០០០តោន អាចធ្វើប្រតិបត្តិការ​ចូល​-ចេញកំពង់ផែប្រកបដោយសុវត្ថិភាព និងមានការសាងសង់នូវឋបនីយភណ្ឌផែ សម្រាប់អ្នកដំណើរផងដែរ។

កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់​សម្រាប់​ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុ​ញ​សេដ្ឋ​កិច្ច​កម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែម​ទៀត​របស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែពហុបំណង​កំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់​ប្តូរ​នាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់​សហរដ្ឋ​អា​មេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹង ទៅដល់គោលដៅចុងក្រោយ។

ជាមួយគ្នានេះ កំពង់ផែថ្មីនេះ ក៏នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាពល​រដ្ឋដែលរស់នៅខេត្តកំពត និងប្រជាពលរដ្ឋខេត្តដទៃទៀតផងដែរ។ បច្ចុប្បន្នបុគ្គលិក កម្មករ និយោជិត ដែលបាននិងកំពុងបម្រើការងារនៅកំពង់ផែនេះ មានចំនួនសរុប ១៧៦នាក់ ហើយ ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀតនាពេលអនាគត​ទៅតាម​ទំហំប្រតិបត្តិការ និងការរីកចម្រើនរបស់កំពង់ផែ។

សម្រាប់ទីតាំងភូមិសាស្ត្រវិញ កំពង់ផែពហុបំណងកំពត ស្ថិតនៅតំបន់មាន​អំណោយ​ផលល្អសម្រាប់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែកមកកាន់រាជធានី​ភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ​៤១ ផ្លូវជាតិលេខ៤៨ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងតភ្ជាប់ផ្លូវដែក ភាគខាងត្បូងទៅភាគខាងជើងរបស់កម្ពុជា។

សូមបញ្ជាក់ដែរថា ទីតាំងរបស់កំពង់ផែនេះ ក៏មានការសាងសង់ទីលានកុងតឺន័រ តំបន់​សេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញ គ្រប់ប្រភេទ ឃ្លាំងភណ្ឌា​គារ​គយ រោងចក្រផលិត និងចែកចាយ និងចំណតនាវាប្រភេទជាសាឡង់ដែលភ្ជាប់​ការ​ដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ តាមរយៈផ្លូវនាវាចរណ៍ព្រែកជីកហ្វូណន​តេ​ជោ ដែលរាជរដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ៕