(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រេចឃុំខ្លួន ក្មេងទំនើង៣នាក់ ក្នុងសំណុំរឿង២ផ្សេងគ្នា ហើយកំពុងស្រាវជ្រាវឱ្យចាប់ខ្លួន បក្ខពួករបស់ពួកគេ មកផ្តន្ទាទោស។

សំណុំរឿងទី១ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៥០៨ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីហិង្សា និងធ្វើឱ្យខូចខាតដោយចេតនា ដែលមាន ជនត្រូវ ត្រូវចោទមានខ្លួនចំនួន ០២ នាក់ គឺ ១.ឈ្មោះ គង់ ឈឺមិញ ភេទប្រុស និង២.ឈ្មោះ សេម សិនណា ភេទប្រុស ត្រូវបានចោទប្រកាន់ពីបទ ហិង្សាស្រាល និងធ្វើឱ្យខូចខាតដោយចេតនា (គប់ដុំថ្ម) ប្រព្រឹត្តនៅផ្លូវលេខ១៤៦ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២២៨ និងមាត្រា ៤១០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ថា ចំពោះករណីនេះ បង្កឡើងដោយក្រុមក្មេងទំនើង មួយក្រុម បានយកដុំថ្មគប់លើគូទំនាស់តែមិនត្រូវ បណ្តាលឱ្យបែកកញ្ចក់ទ្វារផ្ទះចំនួនមួយផ្ទាំង។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ០២ នាក់ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សំណុំរឿងទី២ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៣៥៤៣ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ទាក់ទិននឹងករណីធ្វើឱ្យខូចខាតដោយចេតនា ដែលមានជនត្រូវចោទ មានខ្លួន ឈ្មោះ រិន វង្សសុគង់លី ភេទប្រុស និងជនត្រូវចោទចំនួន ០៩នាក់ទៀត រួមទាំងបក្ខពួក កំពុងគេចខ្លួន ត្រូវបាន ចោទប្រកាន់ពីបទ ធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភ្លើងស្តុបមុខវត្តច្បារអំពៅ ផ្លូវជាតិលេខ១ ភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៤១០ និងមាត្រា ៤១១ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះករណីនេះ បង្កឡើងដោយក្រុមក្មេងទំនើង មានគ្នាប្រហែល ២០ នាក់ ជិះម៉ូតូប្រហែល ១០ គ្រឿង ទៅបំបុកម៉ូតូរបស់ក្រុមជនរងគ្រោះបណ្តាលឱ្យដួល រួចបាន យកដាវ និងកាំបិតប៉័ងតោ ស្ទុះទៅកាប់ក្រុមជនរងគ្រោះ ប៉ុន្តែក្រុមជនរងគ្រោះបានរត់គេចខ្លួន ទើបក្រុមក្មេងទំនើង កាប់ទៅលើម៉ូតូជនរងគ្រោះបណ្តាលឱ្យខូចខាតម៉ូតូចំនួន ០១គ្រឿង។ បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទ ដូចបានបញ្ជាក់ខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
ចំពោះសកម្មភាពរបស់ក្មេងទំនើង ដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្ត របស់ប្រជាពលរដ្ឋ តុលាការបាន និងកំពុងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ និងតឹងរឹង៕