(ភ្នំពេញ)៖ អង្គការមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សារណៈស្តីពីការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនកម្ពុជា តាមរយៈព្រឹទ្ធសភាកម្ពុជា។

ពិធីនេះ បានធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា បន្ទាប់ពីលោក បានអនុញ្ញាតឱ្យ លោក គីម ជុង ណាម (Kim Jung Nam) ប្រធានអង្គការមូល និធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ និងសមាជិកគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

យោងតាមស្មារតីនៃអនុស្សារណៈនេះ អង្គការមូលនិធិចែករំលែកសង្រ្គោះជីវិតសកល និងផ្តល់ជំនួយមនុស្សធម៌ដល់ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម ដោយក្នុងមួយខេត្តទទួលបានជំនួយមនុស្សធម៌ គិតជាទឹកប្រាក់មានចំនួន ៥លានដុល្លាអាមេរិក ក្នុងរយៈពេល៥ប្រាំ។

តាងនាមឱ្យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា លោកអនុប្រធានទី២ ព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃ «មូលនិធិចែករំលែកសង្រ្គោះជីវិតសកល» ដែលបានអញ្ជើញមកបំពេញបេសកកម្ម ការងារជាថ្មីម្តងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះ ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា ដែលមូលនិធិ មូលនិធិចែករំលែកសង្រ្គោះជីវិតសកល បានផ្តល់ និងមានគម្រោងបន្តផ្តល់ដល់កម្ពុជា សំដៅរួមចំណែកដល់ការអភិវឌ្ឍ ក្នុងវិស័យសុខាភិបាល សុខមាលភាពប្រជាជន និងសិក្សាធិការ។

លោកអនុប្រធានទី២ នៃព្រឹទ្ធសភាកម្ពុជា បានរំឮកពីការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ រវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅឆ្នាំ១៩៩៧ ដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន និងអតីតប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ លោក Kim Young-sam ដែលចាប់តាំងពីពេលនោះមក ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ មានការរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់។

ជាមួយគ្នានេះ នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តការទូតសភា ដែលជាអាទិភាពរបស់ព្រឹទ្ធសភា នីតិកាលទី៥ ដែលបានដាក់ចេញដោយ សម្តេចតេជោ ប្រធានព្រឹទ្ធសភាលោកអនុប្រធានទី២ បានគូសបញ្ជាក់ពីសារសំខាន់ នៃការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជាជាមួយរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដែលមាន លោក ម៉ម ប៊ុននាង ជាប្រធាន សំដៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការរក្សាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។

នៅក្នុងឱកាសនោះ លោក Kim Jung Nam និងគណៈប្រតិភូ បានធ្វើការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍលើគ្រប់វិស័យ និងភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ព្រមទាំងបានចាត់ទុកកម្ពុជាជាប្រទេសដែលមានភាពរីកលូតលាស់លឿនជាងគេបំផុតនៅអាស៊ីអាគ្នេយ៍។ គណៈប្រតិភូមូលនិធិ ក៏បានសម្តែងការអរគុណជាពិសេសដល់សម្តេចតេជោប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ព្រមទាំងរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលតែងតែបានផ្តល់នូវការគាំទ្រ និងកិច្ចសហការល្អ ដើម្បីភាពជោគជ័យក្នុងបេសកកម្មរបស់មូលនិធិ Global Life Sharing នៅកម្ពុជា៕