(ត្រាត)៖ ក្រោយពេលចូលដល់កំពង់ផែពហុបំណងខេត្តត្រាតហើយ នាថ្ងៃទី៥ ខែមិថុនា ប្រតិភូកម្ពុជា ថៃ វៀតណាមដែលត្រៀមខ្លួនចូលរួមពិព័រណ៍ធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤នោះ បានចូលទៅទស្សនកិច្ចនៅអតីតជំរុំជនភៀសខ្លួនខ្មែរនៅស្រុកខ្លងយ៉ៃ ខេត្តត្រាត ដែលបច្ចុប្បន្នហៅថា «សាលារាជការុណ្យ»។

សាលារាជការុណ្យ ដើមឡើយ ជាជំរុំជនភៀសខ្លួនកម្ពុជាដែលបានភៀសខ្លួនចេញពីការកាប់សម្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជំរុំនេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៨ ក្រោមព្រះរាជមេត្តារបស់សម្ដេចព្រះមហាក្សត្រីថៃ ជាព្រះប្រធានកាកបាទក្រហមថៃកាលណោះ ដែលទ្រង់មានការអាណិតអាសូរចំពោះប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះដោយសារសង្គ្រាម និងការកាប់សម្រាប់របស់ពួកខ្មែរក្រហម។

រហូតឆ្នាំ១៩៨៦ ជំរុំជនភៀសខ្លួននេះក៏ត្រូវបានរំសាយវិញ ដោយប្រជាពលរដ្ឋខ្លះក៏ត្រូវបានផ្ទេរទៅជំរុំដទៃទៀតដែលមាននៅលើទឹកដីថៃ ក្រោមទទួលខុសត្រូវរបស់អង្គការសហប្រជាជាតិ មួយចំនួនក៏ចេញទៅប្រទេសទី៣ ហើយខ្លះទៀតក៏បានធ្វើមាតុភូមិនិវត្តន៍។ តាំងពីពេលនោះមកជំរុំនេះត្រូវបានបិទ ប៉ុន្តែសព្វ​ថ្ងៃ​ក៏បានក្លាយជាសារមន្ទីរមួយនាស្រុកខ្លងយ៉ៃ ខេត្តត្រាត «សាលារាជការុណ្យ» និងជាគោលដៅទេសចរណ៍មួយក្នុងខេត្តផងដែរ។

គួរជម្រាបថា ក្រោយពីទស្សនកិច្ចនៅសាលារាជការុណ្យនេះរួចហើយ ប្រតិភូចម្រុះ៣ប្រទេសនេះក៏បានបន្តទៅទស្សនានៅវិហារព្រះម៉ែថាប់ធីម លំនាំបែបចិន ដែលស្ថិតនៅទីរួមស្រុកខ្លងយ៉ៃ ខេត្តត្រាត ដែលជាគោលដៅទេសចរណ៍បែបសាសនាមួយនៅក្នុងខេត្ត។

នៅថ្ងៃស្អែក ប្រតិភូ CVTEC នឹងចេញដំណើរតាមកប៉ាល់ទេសចរណ៍ទៅកាន់កោះកូត ដើម្បីចូលរួមពិព័រណ៍ធុរកិច្ចខេត្តត្រាតឆ្នាំ២០២៤ (CVTEC Trat Business Roadshow 2024) នៅទីនោះ៕